សាងកេរ្តិ៍ឈ្មោះឡើងដល់កំពូល តែ Lee Jongsuk បែរជាមានជំងឺចម្លែកមួយនេះជាប់ខ្លួន
នរណាទៅគិតថា តារាសម្តែងប្រុសកូរ៉េមានស្នេហ៍ Lee Jongsuk ជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ និង មហាជនទូទៅ បែរជាមានជំងឺចម្លែកមួយនេះ ដែលធ្វើឱ្យលោកមានការពិបាកក្នុងការគ្រប់គ្រងខ្លួនឯងនៅលើឆាកទៅវិញ។
តាមព័ត៌មានបានឱ្យដឹងថា តារាប្រុស Lee Jongsuk បានមានជំងឺចម្លែកមួយជាប់ខ្លួនតាំងពីនៅវ័យកុមារភាពមកម្ល៉េះ វាមានឈ្មោះថា Scopophobia ជាជំងឺម្យ៉ាងដែលធ្វើឱ្យលោកខ្លាច តក់ស្លុត នឹងចំណាប់អារម្មណ៍របស់អ្នកដទៃមកលើខ្លួន ពោលគឺលោកតែងតែភ័យញាប់ញ័រ ពិបាកគ្រប់គ្រងសតិ ថែមទាំងក្រហមអស់ទាំងខ្លួន និង ទាំងបែកញើសតក់ៗតែម្តង នៅពេលកំពុងស្ថិតក្នុងចំណោមហ្វូងមហាជន។
ជាក់ស្តែង នៅពេលឡើងឆាក ឬ សន្និសីតកាសែតម្តងៗ ដ្បិតព្យាយាមទប់អារម្មណ៍ដើម្បីបំពេញការងារក៏ពិតមែន ប៉ុន្តែគេតែងឃើញលោកមានអាការភ័យញ័រតិចតួច ព្រមទាំងឆ្លៀតជូតញើសជានិច្ច នេះបញ្ជាក់ថាជំងឺកំពុងតែវាយលុកលោកពីខាងក្នុងមកហើយ។
លើសពីនេះទៅទៀត មានម្តងនោះ មុននឹងមានវត្តមានលើកម្មវិធីកម្សាន្តមួយ ប្រុសស្អាត Jongsuk កើតអាការភ័យខ្លាំងរហូតដល់ធ្វើឱ្យលោកខ្លាចមិនហ៊ានទៅបន្ទប់ទឹកបានរហូតដល់ ១២ ម៉ោងឯណោះ។ យ៉ាងណាមិញ បើក្រឡេកមកមើលការងារសម្តែងវិញ គេឃើញលោកបានប្រឹងព្យាយាមយ៉ាងអស់ពីសមត្ថភាពក្នុងការដោះស្រាយជាមួយបញ្ហាមួយនេះ មិនឱ្យមានការប៉ះពាល់ណាមួយនោះទេ។
ដោយឡែក អ្នកគាំទ្រមួយចំនួន ក៏មិននឹកស្មានឡើយថា តារាសំណព្វរបស់ខ្លួនមានជំងឺប្លែកយ៉ាងនេះ ហើយក៏សង្ឃឹមដែលថាលោកនឹងអាចព្យាបាលវាឱ្យសះស្បើយបានឆាប់ៗនេះផងដែរ៕