នារីរឹងមាំ! ក្រោយលែងលះ Yang Mi សល់លុយជាប់ខ្លួនសរុបស្មើ ៧ ដងនៃទ្រព្យសម្បត្តិអតីតប្ដី
តារាសម្ដែងស្រីជើងចាស់រូបស្រស់ Yang Mi ដែលត្រូវបានអ្នកគាំទ្រចាត់ទុកជាតារាកំពូលសម្រស់របស់ចិន ប្រៀបដូចជាដួងផ្កាយដ៏មានពន្លឺពេញដោយសមត្ថភាពបទពិសោធន៍តាំងពីតូចក្រូចឆ្មារ ចូលប្រឡូកក្នុងវិស័យសិល្បៈកម្សាន្ត។
ដូចដែលអ្នកគាំទ្របានដឹងរួចមកហើយ នាពេលកន្លងមកទាក់ទងនឹងជីវិតឯកជនរបស់តារាស្រីរូបនេះ បើទោះបីជានាងទទួលបានភាពជោគជ័យលើវិថីសិល្បៈច្រើនឆ្នាំពិតមែន ប៉ុន្តែជីវិតគ្រួសាររបស់នាងមិនសមប្រកបនោះទេ។ Yang Mi នាងបានលែងលះស្វាមី ក្រោយជីវិតអាពាហ៍ពិពាហ៍ជួបរឿងប្រេះឆា ធ្លាប់មានរឿងរ៉ាវជាច្រើនប៉ះពាល់ដល់ចំណងស្នេហ៍របស់នាង។
ចាប់តាំងពីដាច់ស្រេចជាមួយនឹងអតីតស្វាមីនាង លោក Hawick Lau រួចមក ស្រាប់តែ តារាស្រីវ័យ ៣៣ឆ្នាំរូបនេះ ត្រូវបានគេទម្លាយអំពីទ្រព្យសម្បត្តិរបស់នាង ដែលមានក្រោយពេលលែងលះ ចំនួនប្រមាណ ៤.៥ ពាន់លានដុល្លារដែលស្មើនឹង ៧ ដងនៃទ្រព្យសម្បត្តិអតីតស្វាមី មានចំនួន ៥០០លានដុល្លារ។ អាចនិយាយបានថា Yang Mi នាងគឺជានារីម្នាក់ដែលឯករាជ្យផ្នែកហិរញ្ញវត្ថុ និងមានទំនួលខុសត្រូវលើចំណូលផ្ទាល់របស់ពួកគេ។
គួររម្លឹកផងដែរថា កាលពីដំបូងឡើយ Yang Mi និង លោក Hawick Lau បានផ្តើមស្រឡាញ់គ្នាដំបូងនៅឆ្នាំ ២០១១ បន្ទាប់ពីទាក់ទងគ្នាបាន ៤ឆ្នាំ អ្នកទាំងពីរបានសម្រេចចិត្តរៀបការនឹងគ្នានៅក្នុងឆ្នាំ ២០១៤។ ក្រោយមកចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក៏ត្រូវបានបញ្ចប់ទៅវិញនៅក្នុងឆ្នាំ ២០១៨ ដោយមានកូនស្រីម្នាក់ជាចំណងដៃ៕
ប្រភព៖ MINNEWS