ភ្ញាក់ផ្អើល! សុខៗ កែវ កល្យាណ ឈប់ឱ្យកូនស្រីបណ្តូលចិត្ត ថតរឿងភាគប្រភេទនេះទៀត
ជាការពិត កន្លងទៅ បន្ទាប់ពីមានការជួយជ្រោមជ្រែង និង ជំរុញទឹកចិត្តកាន់តែខ្លាំងពីម្តាយ កូនស្រីរបស់អតីតតារាសម្តែងជើងចាស់ កែវ កល្យាណ គឺ កញ្ញា កែវ ឡាវីញ កាន់តែទទួលបានប្រជាប្រិយភាពខ្លាំងឡើងនៅលើវិថីសិល្បៈ ទាំងការងារជាពិធីការិនី និង ការសម្តែងផងដែរ។
លើសពីនោះ ដោយសារតែទេពកោសល្យសិល្បៈខ្ពស់ តារាស្រីវ័យក្មេង កែវ ឡាវីញ កំពុងតែចាប់ផ្តើមបោះជំហានយ៉ាងជោគជ័យ និង ពេញទីតែម្តងលើវិស័យភាពយន្ត ពោលគឺ កែវ ឡាវីញ បានលេចមុខនៅក្នុងខ្សែភាពយន្តខ្មែរជាច្រើននាពេលបច្ចុប្បន្ន ជាពិសេស រឿងភាគរបស់នាងដែលទទួលបានការចាប់អារម្មណ៍គាំទ្រខ្លាំងនោះ គឺការសម្ដែងរឿងភាគប្រភេទតួអង្គស្រីស្រឡាញ់ស្រីដូចគ្នា ជាមួយនឹងតារាសម្ដែងស្រី យ៉ា សុផាន់ម៉ៃ ដែលមានរឿង «រស់ជាតិអ្នកមានវគ្គ ២» របស់ PNN និង រឿង «សង្សារខ្ញុំ» ជារឿងភាគរបស់ Sastra Firm ព្រមទាំងមានរឿងថ្មីៗបន្តបន្ទាប់ទៀត។
ដោយឡែក នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ មហាជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយឃើញម្ដាយរបស់តារាស្រីវ័យក្មេងរូបនេះ គឺអ្នកនាង កែវ កល្យាណ ស្រាប់តែបង្ហោះសារលើបណ្ដាញសង្គម ធ្វើការបញ្ជាក់ច្បាស់ថាឈប់ឱ្យកូនស្រីជាទីស្រឡាញ់ថតរឿងប្រភេទស្រីស្រឡាញ់ស្រីនេះទៀតហើយ គឺអ្នកនាងឱ្យកូនស្រីថតតែរឿងភាគជាមួយដៃគូបុរសវិញ។
ក្នុងនោះ អ្នកនាងក៏បានធ្វើការបញ្ជាក់បន្ថែមឱ្យដឹងផងដែរថា អ្នកនាងមិនបានរើសអើងភេទដូចគ្នានោះទេ ប៉ុន្តែអាចថាមកពីមានការមិនពេញចិត្តពីអ្នកគាំទ្រមួយចំនួន ពោលគឺមានអ្នកគាំទ្រមួយចំនួនធ្វើការរិះគន់លើរឿងភាគស្រីស្រឡាញ់ស្រី ដែលកូនស្រីរបស់អ្នកនាងបានសម្ដែងកន្លងមក។
នេះបើតាមការបង្ហោះសារដែលអ្នកនាង កែវ កល្យាណ បាននិយាយថា៖ «ខ្ញុំដែលរើសអើងភេទដូចគ្នាទេ អ៊ីចឹងហើយបានឱ្យកូនថតឱ្យមើល ឥឡូវខុសទៀត ហ្វេនៗដែលពួកគាត់មិនចេញមុខ គេជាមនុស្សថ្លៃថ្នូរមិនខ្វល់ពីរឿងអ្នកដទៃ ដឹងតែពីមើលការសម្ដែង ស្រឡាញ់ជាហ្វេនពិតៗជួយគួរពិចារណាតាមការគួរផងចុះ»។
ក្រោយឃើញសារនេះភ្លាម ធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលមែនទែន ដោយមិនបង្អង់យូរក៏បាននាំគ្នាចូលទៅធ្វើការបញ្ចេញមតិពីខាងក្រោមសាររបស់ម្ដាយ តារាស្រី កែវ ឡាវីញ គ្រប់គ្នា ដោយមតិភាគច្រើនមានការសោកស្ដាយខ្លាំង និង មិនចង់ឱ្យ កែវ ឡាវីញ ឈប់ថតរឿងប្រភេទនេះនោះទេ៕