ឥទ្ធិពល Lisa ! គ្រាន់ធ្វើបែបនេះសោះ ប្រហិតចង្កាក់នៅបូរីរ៉ាំ លក់ដាច់ចាប់មិនឈ្នះ
ប្រិយមិត្តជាអ្នកគាំទ្រតារាចម្រៀង Lisa សមាជិកក្រុម BLACKPINK ប្រាកដជាបានដឹងហើយថា តារាស្រីរូបនេះ បានកើត និង ធំធាត់លើទឹកដីខេត្ត បូរីរ៉ាំ ប្រទេសថៃ។ ជាការសោកស្ដាយ ដោយសារតែវិបត្តិកូវីដ-១៩ ទើបធ្វើឱ្យតារាស្រីរាងតូចច្រឡឹងរូបនេះ មិនអាចវិលត្រឡប់ទៅលេងស្រុកកំណើតបានរយៈពេលជិត ២ ឆ្នាំមកនេះ។
ទោះជាយ៉ាងណា Lisa មិនបានទៅស្រុកមែន ប៉ុន្តែនាងនៅតែអាចជួយសម្រួលជីវភាពរបស់អ្នកស្រុកភូមិនៅខេត្តរបស់នាងបានមួយកម្រិតធំដែរ។ កាលពីសប្ដាហ៍មុន Lisa បានបង្ហាញវត្តមានក្នុងកម្មវិធីជជែកកម្សាន្តរបស់ថៃមួយហៅថា «Woody Show»។ ក្នុងកម្មវិធីនោះ នាងបាននិយាយជជែកជុំវិញបទចម្រៀងទោលដំបូងរបស់ខ្លួន ដោយស្របពេលនោះ ពិធីករក៏បានទាញសំណួរចូលដល់រឿងស្រុកកំណើតរបស់នាង រួមមានទាំងសួរពីអាហារដែល Lisa នឹងឃ្លានចង់ញ៉ាំបំផុតផង។
សំណួរមួយក្នុងចំណោមនោះ ពិធីករប្រុសឈ្មោះ Woody បានលើកសួរថា ៖ «ខ្ញុំធ្លាប់ឮពីនរណាម្នាក់ប្រាប់ទេ ថានាងនឹងឃ្លានចង់ញ៉ាំប្រហិត Yeun Kin មែនទេ?»។ មិនបង្អង់យូរ រំឭកដល់អាហារសំណព្វចិត្តខ្លួនផង Lisa ក៏បានតបវិញថា ៖ «ប្រហិតនឹងគេពេញនិយមណាស់។ ឱ្យតែពេលទៅដល់ស្ថានីយរថភ្លើងបូរីរ៉ាំ គ្រប់គ្នាតែងតែទិញញ៉ាំហើយ។ អ្វីដែលពិសេសនោះគឺ ទឹកជ្រលក់របស់វា គឺរសជាតិមានតែនៅបូរីរ៉ាំទេ។ កន្លែងហ្នឹងគឺឆ្ងាញ់ណាស់។ យើងមិនអាចរកបានរសជាតិហ្នឹងនៅកន្លែងផ្សេងឡើយ»។
និយាយរៀបរាប់ត្រឹមប៉ុណ្ណឹង ឥទ្ធិពល Lisa បានសាយដល់ប្រទេសថៃ ដែលធ្វើឱ្យមហាជនអ្នកគាំទ្រជាច្រើននៅតាមបណ្ដាខេត្តក្រុងផ្សេងៗ នាំគ្នាកុម្ម៉ង់ទិញប្រហិតចង្កាក់នៅខេត្តបូរីរ៉ាំ យ៉ាងលើសលប់ចាប់មិនឈ្នះ ដើម្បីចង់សាកឱ្យដឹងរសជាតិប្រហិតដូចដែល Lisa បានរៀបរាប់៕
ប្រភព៖ Koreaboo