វិលក្បុង! ទើបឈរកាច់រាងនៅ Met Gala សោះ ឥលូវ Lil Nas X មកប៉ោងពោះវិញទៀតហើយ
តារារ៉េបវ័យក្មេងដ៏ល្បី Lil Nas X បានក្លាយជាតារាមួយរូប ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់មហាជន ក៏ដូចជាអ្នកគាំទ្រជាខ្លាំង។ ជាក់ស្ដែង កាលពីថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ តារារ៉េបរូបនេះ បានធ្វើឱ្យគ្រប់គ្នាភ្លឹកភ្លាំងនៅពេលលោកបង្ហាញក្បាលពោះប៉ោងយ៉ាងធំ ហើយថែមទាំងប្រកាសថា កំពុងតែពពោះអាល់ប៊ុមចម្រៀងថ្មីរបស់លោក។
ស្រាប់តែមកដល់ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅ អ្នកគាំទ្រងាកមកភ្ញាក់ផ្អើលជាថ្មី នៅពេល Lil Nas បង្ហាញវត្តមានក្នុងកម្មវិធី Met Gala។ ចូលរួមកម្មវិធីលំដាប់មួយនេះ Lil Nas បានតុបតែងខ្លួនប្រៀបដូចជាព្រះរាជបុត្រ គ្រងអាវក្រៅធំវែងពណ៌មាស មុននឹងដោះចេញរំលេចអាវពណ៌មាសដដែល ប៉ុន្តែជាម៉ូដមួយដ៏ប្លែកប្រៀបដូចជាអាវក្រោះគ្របលើខ្លួន ឈរបង្អួតរាងយ៉ាងសង្ហា មុនឈានដល់ឈុតចុងក្រោយ ជាប្រភេទឈុតស្បែករឹបរាង រំលេចត្បូងតូចៗពណ៌មាសយ៉ាងចិញ្ចែងចិញ្ចាច។
រហូតមកដល់ពេលថ្មីៗនេះ ម្ចាស់បទ «Old Town Road» ធ្វើឱ្យអ្នកគាំទ្រដាច់ចង្កេះម្ដងទៀត ខណៈទើបតែបង្ហាញបង្អួតរាងយ៉ាងសង្ហារួចសោះ ស្រាប់តែឥលូវ លោកមកពញ្ញាក់អារម្មណ៍បង្ហាញក្បាលពោះប៉ោងជាថ្មី រៀបចំពិធីត្រៀមសម្រាលកូន។ គំនិតច្នៃប្រឌិត ចម្លែកមិនធ្លាប់មានរបស់តារាប្រុសវ័យក្មេងរូបនេះ បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំង និង កោតសរសើរលោកចេះរកនឹកឃើញ៕