ទាក់ទងនឹងគូស្នេហ៍ ៥ ឆ្នាំ ពេលនេះ ទឹម រដ្ឋា កំពុងមានចិត្តអន្ទះសាចង់ធ្វើរឿងនេះខ្លាំង
គិតមកទល់ពេលនេះ ពិធីការិនី និង ជាតារាសម្ដែងស្រីរាងខ្ពស់ស្រឡូន ទឹម រដ្ឋា និង គូស្នេហ៍ជនជាតិអាមេរិក បានសាងទំនាក់ទំនងស្នេហាផ្អែមល្ហែមនឹងគ្នា អស់រយៈពេល ៥ ឆ្នាំកន្លងទៅហើយ ដោយអ្នកទាំងពីរ តែងធ្វើឱ្យមហាជនជាច្រើនលួចមានចិត្តច្រណែនពីចំណងស្នេហ៍ដល់មានក្ដីសុខ និង តែងបង្ហាញភាពរ៉ូមែនទិចជាមួយគ្នា។
ជាការពិត មហាជនក៏ធ្លាប់មានការចាប់អារម្មណ៍ខ្លាំងកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ក្នុងថ្ងៃខួបចំណងស្នេហ៍ ៥ ឆ្នាំរបស់អ្នកទាំងពីរ ដែលមិត្តប្រុសរបស់តារាស្រីរូបនេះ បានធ្វើការ Surprise លុតជង្គង់ជូនចិញ្ចៀនសុំនាងរៀបការ នៅមុខក្រុមគ្រួសារ មិត្តភក្តិ យ៉ាងរ៉ូមែនទិច ដែលធ្វើឱ្យរូបនាងរំភើបចិត្តខ្លាំងឡើងស្រក់ទឹកភ្នែក។ បន្ទាប់ពីបំពាក់ចិញ្ចៀនសុំរៀបការនេះហើយ តារាស្រីរូបនេះ និង គូស្នេហ៍ ក៏មិនបានបង្ហើបពីដំណឹងចូលរោងការពេលណានោះដែរ។
ដោយឡែកស្រាប់តែថ្មីៗនេះ លើបណ្ដាញសង្គមរបស់ តារាស្រីរូបស្រស់នេះ កាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ខ្លាំងទៀត ដែលនាងហាក់ចង់បង្ហាញពីអារម្មណ៍របស់ខ្លួន ដែលកំពុងតែមានចិត្តអន្ទះសាចង់មានពិធីមង្គលជាមួយនឹងគូស្នេហ៍ខ្លាំង ប៉ុន្តែមិនអាចប្រារព្ធឡើងបានដោយសារតែស្ថានភាពជំងឺកូវីដ-១៩។
ក្នុងនោះ តារាស្រីរូបនេះ បានធ្វើការបង្ហោះសាររៀបរាប់បែបនេះថា៖ «My គូជីវិត Jovany Antonio COVID-19 នេះ អត់ព្រមឈប់សោះ អត់ថា ទឹម រដ្ធា ចាំចូលរោងការទេអី គ្នាមិនងាយបានការទេណា ទៅវិញឱ្យលឿនៗទៅទាន់ខ្ញុំកំពុងតែចង់ការ»។
ទន្ទឹមនឹងនេះ បន្ទាប់ពីឃើញសាររបស់តារាស្រីរូបនេះបង្ហោះបែបនេះ ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងនាំគ្នាចូលខមមិនធ្វើការជូនពរឱ្យអ្នកទាំងពីរ មានវេលាល្អឆាប់បានចូលរោងការផងដែរ៕