Vaness Wu តួរឿង F4 ទម្លាយមូលហេតុច្បាស់ៗរឿងលែងលះប្រពន្ធ ក្រោយស្រឡាញ់គ្នា ១០ ឆ្នាំ
តារាសម្ដែងកូនកាត់តៃវ៉ាន់-អាមេរិក លោក Vaness Wu និង ជាតួសម្ដែងប្រុសសមាជិក F4 ក្នុងរឿងភាគដ៏ល្បី «Meteor Garden» ក្នុងឆ្នាំ ២០០១ ដែលប្រជាប្រិយភាពរបស់តារាប្រុសវ័យ ៤៣ ឆ្នាំរូបនេះ កាន់តែមានសន្ទុះការគាំទ្រ និង ស្គាល់រឹតតែច្បាស់ពីសំណាក់ទស្សនិកជនជាច្រើនទាំងក្នុង និង ក្រៅប្រទេស។
បើនិយាយអំពីជីវិតឯកជនផ្ទាល់ខ្លួនរបស់តារាប្រុសរូបនេះវិញ អាចនឹងមានប្រិយមិត្តអ្នកគាំទ្រខ្លះមិនទាន់បានដឹង ដោយសារលោកភាគច្រើនបានរក្សាជាភាពឯកជនកម្រនឹងបង្ហាញជាសាធារណៈ។
យ៉ាងណាមិញ ក៏មានរឿងរ៉ាវមួយចំនួនត្រូវបានគាស់កកាយផងដែរ ចំពោះមូលហេតុបែកបាក់ចំណងអាពាហ៍ពិពាហ៍របស់លោក ជាមួយនឹងអតីតភរិយា អ្នកនាង Arissa Cheo ជាអ្នកច្នៃម៉ូដដ៏ល្បីជនជាតិសិង្ហបុរី ព្រមទាំងមានកូន ១ នាក់ជាចំណងដៃ។
ដំបូងឡើយ លោក Vaness និង អតីតភរិយា ជាកូនស្រីអ្នកមានទ្រព្យស្តុករូបនេះ គឺជាគូស្នេហ៍តារាតៃវ៉ាន់ដែលផ្អែមល្ហែម និង ស្មោះស្ម័គ្រ ហើយអ្នកទាំងពីរបានសម្រេចរៀបអាពាហ៍ពិពាហ៍ក្នុងឆ្នាំ ២០១៣ ក្រោយជាសង្សារស្រឡាញ់គ្នាបាន ៧ ឆ្នាំ។ បន្ទាប់ពីរួមរស់ជាមួយគ្នាជាប្តីប្រពន្ធអស់រយៈពេល ៣ ឆ្នាំ ស្រាប់តែចំណងអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ចាប់ផ្តើមលេចឮមានភាពរកាំរកូសគ្នា។
យោងតាមប្រភពពី Jayne Stars បានឱ្យដឹងចុះផ្សាយ ប្តីប្រពន្ធមួយគូនេះ តែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់បង្ហោះនៅលើបណ្ដាញសង្គម។ បន្ទាប់ពីមានការឈ្លោះប្រកែកគ្នាកាន់តែមិនអាចស្រោចស្រង់បានរវាងពួកគេ នៅលើគណនី Instagram កាលពីចុងឆ្នាំ ២០១៤ ដោយភាពមិនសម្រុង។ រហូតឈានដល់ការរស់នៅផ្ទះផ្សេងពីគ្នា ហើយចុងក្រោយអ្នកទាំងពីរក៏បានលែងលះគ្នា ដោយមានការយល់ព្រមពីភាគីទាំងសង៕