ទម្លាយមូលហេតុ BTS ទទួលបានលិខិតឆ្លងដែនពិសេសអាចទៅបាន ១៩៩ ប្រទេស ពីប្រធានាធិបតីកូរ៉េខាងត្បូង
នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ កន្លងទៅនេះ សមាជិកទាំងអស់របស់ក្រុមចម្រៀងបុរសល្បី BTS បានរួមដំណើរលោកប្រធាននាធិបតីកូរ៉េខាងត្បូង Moon Jae In ទៅធ្វើពិធីទទួលប័ណ្ណចាត់តាំង ដែលប្រព្រឹត្តឡើងនៅការិយាល័យប្រតិបត្តិធំ Blue House នាទីក្រុង Seoul។
ត្រឡប់ក្រោយបន្តិច ដោយកាលពីខែកក្កដា ឆ្នាំ ២០២១ កន្លងទៅ លោកប្រធានាធិបតី Moon Jae In បានប្រកាសផងដែរ ពីការសម្រេចចាត់តាំងក្រុម BTS ឱ្យក្លាយជាអ្នកតំណាងប្រធានធិបតីពិសេស ហើយលោកទើបតែបានអញ្ជើញពួកគេឱ្យចូលរួមពិធីតែងតាំងជាផ្លូវការនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២១ នេះឯង។
ក្នុងកម្មវិធីនេះ លោកប្រធានាធិបតី ថែមទាំងបានប្រគល់ឱ្យទៅឱ្យក្រុមទាំងមូល នូវប៊ិកប្រណីតមួយដើម ព្រមទាំងលិខិតឆ្លងដែនការទូតពិសេសដែលអាចធ្វើដំណើរទៅបាន ១៩៩ ប្រទេស ដោយមិនត្រូវការ Visa ថែមទៀតផង។ លិខិតឆ្លងដែនពិសេសនេះ ត្រូវបានគេប្រគល់ឱ្យតែបុគ្គលៗសំខាន់ៗក្នុងសង្គម ឬ ក៏បុគ្គលដែលមានប្រយោជន៍ចំពោះជាតិតែប៉ុណ្ណោះ។ ជាក់ស្តែង ក្រុម BTS បានជួយលើកស្ទួយមុខមាត់ប្រទេសកូរ៉េខាងត្បូងជាច្រើនមកហើយ តាមរយៈសមត្ថភាព និង សន្ទុះភាពល្បីល្បាញក្នុងវិស័យ KPOP កន្លងមក ទើបពួកគេទទួលលិខិតឆ្លងដែននោះដូច្នេះ។
លើសពីនេះទៅទៀត ពួកគេនឹងអមដំណើរលោកប្រធានាធិបតី Moon Jae In ក្នុងនាមជាបេសកជនពិសេស ទៅចូលរួមការមហាសន្និបាតអង្គការសហប្រជាតិលើកទី ៧៦ នាសហរដ្ឋអាមេរិក នៅថ្ងៃទី ១៩ រហូតដល់ ២៣ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះផងដែរ។
យ៉ាងណាមិញ កំលោះទាំងអស់ ក៏នឹងក្លាយជាវាគ្មិនកិត្តិយស ក្នុងការថ្លែងសារទៅកាន់យុវជនជុំវិញពិភពលោកក្នុងមហាសន្និបាតនោះដូចគ្នា៕
ប្រភព៖ KOREA BOO