ទម្លាយអត្តសញ្ញាណបុរសប្លែកមុខ ២ នាក់ កៀកដៃ Rose បណ្តើរចូលពិព័រណ៍ហ្វេសិន Met Gala
ស្រីស្រស់ Rose សមាជិកក្រុម BLACKPINK បានមានវត្តមានយ៉ាងគួរឱ្យទាក់ទាញលើកទីមួយក្នុងកម្មវិធីពិព័រណ៍ហ្វេសិន Met Gala ដ៏ធំប្រចាំឆ្នាំ នាទីក្រុង New York សហរដ្ឋអាមេរិក តាមរយៈការអញ្ជើញជាផ្លូវការរបស់ក្រុមហ៊ុនប្រ៊េនសម្លៀកបំពាក់លំដាប់ពិភពលោក Saint Laurent ។
ក្នុងនោះដែរ គេឃើញថា ខាង Saint Laurent ពិតជាមានការមើលថែទទួលខុសត្រូវ និង យកចិត្តទុកដាក់ជាមួយស្រីស្អាត Rose បានល្អណាស់ ទាំងកន្លែងស្នាក់នៅ ទាំងការរៀបចំសម្លៀកបំពាក់ ថែមទាំងសុវត្ថិភាពផ្ទាល់ខ្លួនរបស់នាងផងដែរ។
ជាក់ស្តែង មុននឹងឡើងកម្មវិធី គេសង្កេតឃើញមានអង្គរក្សហែរហមនាងចេញពីសណ្ឋាគារជាច្រើននាក់ ជាពិសេសគឺមានបុរសម្នាក់ ដែលដើរកៀកដៃបណ្តើរគ្នាជាមួយនាងយ៉ាងជិតស្និទ្ធថែមទៀតផង។ លើសពីនេះទៅទៀត ក៏មានបុរសម្នាក់ផ្សេងទៀត ដែលបណ្តើរឱបចង្កេះនាងចូលរួមកម្មវិធី បង្អួតភ្នែកអ្នកចូលរួមផងដែរ។
តាមព័ត៌មានបានឱ្យដឹងថា បុរសទាំងពីរនាក់ដែលអមដំណើរនាងជិតស្និទ្ធនោះ គឺសុទ្ធតែជាបុគ្គលសំខាន់ៗក្នុងក្រុមហ៊ុន Saint Laurent នោះឯង។ បុរសដែលបណ្តើរមុនឡើងកម្មវិធី គឺនាយកវីអាយភី ផ្នែកគ្រប់គ្រងទូទាំងពិភពលោកប្រចាំ Saint Laurent ចំណែកបុរសដែលបណ្តើរ នាងក្នុងកម្មវិធីវិញ មានឈ្មោះថា Anthony Vaccarello ក៏ជានាយកផ្នែកច្នៃប្រឌិតប្រចាំក្រុមហ៊ុននេះដូចគ្នា។
យ៉ាងណាមិញ នេះបញ្ជាក់ឱ្យឃើញថា នាងពិតជាត្រូវបានក្រុមហ៊ុនឱ្យកិត្តិយសខ្លាំងណាស់ ទើបគេបញ្ជូនរហូតដល់បុគ្គលសំខាន់ៗមកចូលរួមជាមួយដូច្នេះ៕