ទម្លាយអត្តចរិតហ្ស៊ីន អុបប៉ា Kim Soo hyun មុនក្លាយជាតារាល្បី គឺជាមនុស្សប្រភេទនេះ
ប្រិយមិត្តដឹងហើយប្រាកដជាហួសចិត្តតែម្តង ពីមូលហេតុដែលបានរុញច្រានឱ្យកំពូលតារាសម្តែងប្រចាំកូរ៉េប្រុសមុខផ្អែម Kim Soo hyun ដាច់ចិត្តឈានជើងចូលប្រឡូកក្នុងវិស័យសិល្បៈ រហូតទទួលបានភាពជោគជ័យល្បីរន្ទឺដូចសព្វថ្ងៃនេះ។
តាមពិតទៅកាលដើមឡើយ មុនពេលនឹងលេចមុខជាតារាសម្តែង កំលោះ Soo hyun ជាមនុស្សពោរពេញដោយភាពខ្មាសអៀនច្រើន ស្ងៀមស្ងាត់ខ្លាំង មិនសូវអើពើមាត់កលេងសើចដូចអ្នកផងនោះទេ ហើយថែមទាំងមិនសូវហ៊ានចូលចំណោមមនុស្សថែមទៀតផង។ ឃើញដូច្នេះ អ្នកម្តាយបង្កើតរបស់លោក ក៏កើតជាការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាពផ្លូវចិត្តរបស់កូនប្រុសសំណព្វតែមួយភ្លាមៗ។
ដោយនឹកគិតខ្លាចរូបលោក អាចកើតទៅជាជំងឺខ្លាចសង្គម ព្រមទាំងទៅជាមនុស្សគ្មានភាពក្លាហាន ដែលអាចឆាប់ងាយបាក់ស្បាតទៅនឹងហេតុការណ៍ផ្សេងៗ ទើបអ្នកម្តាយក៏សម្រេចចិត្តបង្ខំណែនាំឱ្យលោកចូលរៀនសម្តែងតែម្តង ក្នុងបំណងចង់ឱ្យប្រុសស្អាតយើង ចូលសង្គមរៀនស្គាល់គេឯងឱ្យបានច្រើន ដើម្បីបំបាត់អារម្មណ៍អៀនខ្មាសនោះឯង។
ដោយសារតែជាកូនល្អ តាមគន្លងធម៌អ្នកមានគុណ បើទោះបីជាស្ទាក់ស្ទើរតិចតួចក៏ពិតមែន ចុងក្រោយបុរសសង្ហា Soo hyun ក៏នៅតែធ្វើតាមបំណងរបស់អ្នកម្តាយ ចូលរៀនសម្តែងដុសខាត់សមត្ថភាព ព្រមទាំងពត់បន្ថយភាពអៀនខ្មាសជារឿយៗ រហូតដល់ក្លាហានអាចបង្ហាញមុខនៅតាមកញ្ចក់ទូរទស្សន៍ ដែលមានអ្នកទស្សនារាប់ពាន់នាក់។
ក្រោយៗមកទៀត ក៏មានអ្នកឃើញពីសមត្ថភាពការសម្តែង ជាមួយសម្រស់ស្រស់សង្ហាររបស់ជាបន្តបន្ទាប់ ជាហេតុធ្វើឱ្យលោកបានប្រទះភាពជោគជ័យល្បីរន្ទឺ ទទួលបានការគាំទ្រពេញទឹកពេញដីដល់សព្វថ្ងៃ។
យ៉ាងណាមិញ កំពូលតារា Kim Soo hyun ក៏បានទម្លាយឱ្យដឹងផងដែរ ការឈានជើងចូលប្រឡូកការសម្តែងនេះ បានធ្វើឱ្យលោកក្លាយទៅជាមនុស្សម្នាក់ផ្សេងពីមុនតែម្តង ហើយឥលូវនេះលោកពិតជាមានអារម្មណ៍រីករាយណាស់ នៅពេលដែលបានឮសំឡេងទះដៃសាទររបស់អ្នកគាំទ្រម្តងៗ៕