តស៊ូណាស់! មុនល្បីឈ្មោះ Yui Chirinan ធ្លាប់រត់ត្រាក់ៗធ្វើការងារនេះ រកលុយដូរបាយ
Yui Chirinan ជាតារាសម្តែងស្រីម្នាក់ដែលឆ្នើម និង មានសមត្ថភាពម្នាក់នៅក្នុងពិភពសិល្បៈថៃ។ បើងាកទៅមើលពីជីវិតឯកជនរបស់នាងវិញ ពេលនេះនាងក៏កំពុងតែសាងក្តីសុខជាមួយស្វាមីយ៉ាងផ្អែមល្ហែមណាស់។ ចំណែកការងារនៅក្នុងសិល្បៈរបស់នាង ខណៈនេះ ក៏កំពុងតែមានការគាំទ្រខ្លាំងពីសំណាក់មហាជនជាច្រើនដដែល។
ដោយឡែក បើក្រឡេកទៅមើលពីជីវិតពិតរបស់នាង មុននឹងមានជីវិតសុខស្រួល មានការងារល្អ ក្លាយជាតារាល្បីមានអ្នកស្គាល់ជាច្រើននោះ ដំបូងឡើយនាងគ្រាន់តែជាកូនអ្នកក្រីក្រម្នាក់ដែលរកព្រឹកខ្វះល្ងាច។ ក្នុងនោះដែរ ដោយសារក្រពេក នាងក៏សម្រេចចិត្តចេញធ្វើការជាអ្នករត់តុ ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ហើយនៅមានការងារជាច្រើនទៀតដែលនាងត្រូវធ្វើ ដើម្បីរ៉ាប់រងចំពោះគ្រួសារ។
នៅពេលដែលនាងអាយុ ១៩ ឆ្នាំ ជីវិតនាងហាក់បីដូចជាមានពន្លឺ និង ចាប់ផ្តើមរះចេញពីភាពក្រលំបាកម្តងបន្តិចៗ។ នាងចាប់ផ្តើម ធ្វើឱ្យមហាជនស្គាល់នាងច្រើន តាមរយៈការចូលប្រកួតកម្មវិធី Freshie boy and girl នៅឆ្នាំ ២០០០។ ពេលនោះហើយ ដែលនាងចាប់ផ្តើមឈានជើងចូលសិល្បៈមិនថាការសម្តែង ឬដើរម៉ូតនោះទេ នាងសុទ្ធតែអាចធ្វើបាន។
ជាក់ស្តែង មកទល់ពេលនេះ នាងមានអាយុ ៤០ ឆ្នាំហើយ តែនាងនៅតែទទួលបានការគាំទ្រពីសំណាក់មហាជនដដែល ព្រមទាំងកំពុងរស់នៅ លើគំនរទ្រព្យយ៉ាងស្តុកស្តម និង មានសុភមង្គលយ៉ាងខ្លាំង៕
ប្រភព៖ asianmoneyguide