កំពូលតារាសម្ដែងចិន ៣ រូបជាសម្លាញ់នឹងគ្នា សុទ្ធតែមានរឿងអាស្រូវជាប់ខ្លួន
នាពេលកន្លងមកមានប្រិយមិត្តមួយចំនួន បានជ្រាបរួចហើយអំពីរឿងអាស្រូវចចាមអារ៉ាមរបស់កំពូលតារាសម្ដែងស្រីរបស់ចិនទាំង ៣ រូប ជាតួសម្ដែងក្នុងរឿងភាគ «My Fair Princess» ដ៏ល្បីក្នុងឆ្នាំ ១៩៩៨ គឺ Zhao wei ហៅ ត្រចៀកកាំ, Ruby Lin ហៅ ចៀវៃ និង Fan Bingbing ហើយពួកគេក៏ជាមិត្តជិតដិតនឹងគ្នាផងដែរ ។
ពាក់ព័ន្ធនឹងរឿងអាស្រូវដំបូង របស់តារាសម្ដែងស្រីចិនដ៏ល្បី Fan Bingbing ក្នុងឆ្នាំ ២០១៨ តារាស្រីវ័យ ៣៩ ឆ្នាំរូបនេះ ត្រូវបានគេលុបឈ្មោះចោលភ្លាមៗនៅលើបណ្ដាញសង្គម និង ឈ្មោះក្នុងបញ្ជីការងារសិល្បៈ ដោយសាររឿងអាស្រូវគេចពន្ធ ប៉ុន្តែទោះជាយ៉ាងណាហេតុផលនៅតែមានភាពអាថ៌កំបាំង ។
ជាមួយគ្នានោះ តារាស្រី Ruby Lin ក៏ធ្លាប់មានរឿងអាស្រូវជាប់ខ្លួនផងដែរ កាលពីឆ្នាំ ២០០៩ ទាក់ទងនឹងស្ទូឌីយោរបស់នាង បានបង្កើតឡើងនៅក្នុងទីក្រុង Hengdian ត្រូវបានលុបចោលអាជ្ញាប័ណ្ណចុះបញ្ជីពាណិជ្ជកម្ម នៅក្នុងប្រទេសចិន ។ ជុំវិញរឿងរ៉ាវទាំងនេះ ទីភ្នាក់ងាររបស់តារាស្រីវ័យ ៤៥ ឆ្នាំរូបនេះ បានបញ្ជាក់ថា ពួកគេបានដាក់ពាក្យស្នើសុំលុបចោលអាជ្ញាប័ណ្ណចុះឈ្មោះអាជីវកម្មរបស់ស្ទូឌីយោរបស់ខ្លួន តាំងពីយូរមកហើយ ព្រោះពួកគេចង់រួមបញ្ចូលទ្រព្យសម្បត្តិផ្ទាល់របស់ពួកគេ ។
ចូលមកដល់តារាសម្ដែងស្រី Zhao wei ថ្មីៗនេះនាងបានទទួលរងព្យុះភ្លៀងយ៉ាងខ្លាំង បន្ទាប់ពីរឿងអាស្រូវចម្រូងចម្រាសជាច្រើនបន្តបន្ទាប់ ពាក់ព័ន្ធនឹងរឿងអាស្រូវចាស់ រហូតឈានដល់ការលុបឈ្មោះចេញពីរឿងភាគល្បីៗដែលនាងធ្លាប់សម្ដែងពីមុន សូម្បីតែគេហទំព័រធំៗ និង បណ្ដាញសង្គមដែលមានជាប់ឈ្មោះតារាស្រីវ័យ ៤៥ ឆ្នាំរូបនេះ ក៏ត្រូវលុបចោលផងដែរ ។
ទោះជាយ៉ាងណា ហេតុផលទាក់ទងនឹងរឿងហេតុនេះ នៅតែមិនទាន់មានដំណោះស្រាយច្បាស់លាស់ណាមួយ ចេញពីមាត់របស់តារាស្រីរូបនេះ នៅឡើយនោះទេ ៕