តួ «បងសាហាវ» យំគគ្រូក ទម្លាយរឿងក្នុងចិត្ត ក្រោយធ្លាប់ត្រូវមហាជនហៅថា «ស្រីមិនល្អ»
ចាប់តាំងពីចាប់ផ្ដើមចូលប្រឡូកក្នុងវិស័យសិល្បៈសម្ដែងក្នុងឆ្នាំ ២០១៤ មក អតីតជ័យលាភីបវរកញ្ញាហុងកុងរងទី ១ នាង Sisley Choi ដែលប្រិយមិត្តអ្នកគាំទ្រវិស័យភាពយន្តស្គាល់ថាជា តួស្រី «បងសាហាវ» ប្រចាំខ្សែភាពយន្តកំពុងល្បី «យុទ្ធសាស្ត្របំបែកក្ដី» នោះ ត្រូវបានរងចចាមអារ៉ាមរឿងអាស្រូវស្នេហាជាមួយបុរសជាច្រើន ដោយក្នុងនោះរួមមានតារាសម្ដែងប្រុស Him Law, Ruco Chan, Vincent Wong និង Tony Hung ជាដើម ។
ដូចដែលគ្រប់គ្នាស្រមៃឃើញហើយ ថាព័ត៌មានលេចឮទាំងនេះ គឺមិនមែនជារឿងល្អសម្រាប់កេរ្តិ៍ឈ្មោះរបស់នាងនោះទេ ហើយក្រោយៗមក មនុស្សជាច្រើនក៏បានដាក់ងារឱ្យ Sisley ថាជាស្រីមិនល្អ ។
បង្ហាញវត្តមានក្នុងកម្មវិធីជជែកកម្សាន្ត «Mean Talk» របស់ទូរទស្សន៍ TVB នាង Sisley គឺបានបង្ហាញអារម្មណ៍ថា រូបនាងគឺមិនសប្បាយចិត្តនោះឡើយ ជាមួយនឹងការហៅរូបនាងបែបនោះ ។ ថ្លែងទាំងទឹកភ្នែក នាងរៀបរាប់ថា ពាក្យចចាមអារ៉ាមមិនល្អទាំងនោះ អាចផ្សព្វផ្សាយ ដោយសារតែនាងមិនបានដឹងពីវិធីប្រុងប្រយ័ត្នចំពោះសកម្មភាពខ្លួនឯង នៅឆ្នាំដំបូងៗពេលចូលប្រឡូកក្នុងសិល្បៈ។
ខណៈតារាស្រីភាគច្រើន គេព្យាយាមគេចមិនសូវបង្ហាញទំនាក់ទំនងជិតស្និទ្ធនឹងតារាប្រុសរួមអាជីព ដើម្បីអាចគេចពីរឿងអាស្រូវមិនល្អ Sisley គឺមិនបានដឹងពីសកម្មភាពទាំងនោះឡើយ នាងបានបង្ហាញភាពរួសរាយរបស់ខ្លួន រហូតបង្កជារឿងអាស្រូវទាក់ទងស្នេហានេះកើតមានឡើង ។
ដោយឡែក នៅក្នុងព័ត៌មានមួយផ្សេងទៀត តារាសម្ដែង Sisley, Stephanie និង Winki បានទម្លាយពីរឿងរ៉ាវរបស់ពួកគេដែលធ្លាប់ជួបប្រទះ ដែលមានមនុស្សចំណាយប្រាក់ដល់តារាស្រីៗ ដើម្បីឱ្យទៅកំដរពួកគេ ។ ក្នុងនោះ Sisley បានទាញទូរស័ព្ទរបស់នាង មកបង្ហាញគ្រប់គ្នាឱ្យបានឃើញពីសារដែលនាងទទួលបាន ដោយរូបនាងទម្លាយថា ថ្លៃកំដរខ្ពស់បំផុត ដែលគេផ្ដល់ឱ្យនាងនោះគឺ ២ លានដុល្លារហុងកុង (ប្រមាណ ២៦៣ ២២៨ ដុល្លារ)៕
ប្រភព៖ Today Online