ត្រចៀកកាំ ជម្រះមន្ទិលភ្លាមៗ ក្រោយផ្ទុះរឿងលួចហោះទៅពួនសំងំនៅបារាំង
ថ្មីៗនេះ រឿងរ៉ាវពាក់ព័ន្ធនឹងតារាសម្តែងស្រីជួរមុខរបស់ចិនអ្នកនាង Zhao Wei ឬ ត្រចៀកកាំ ហាក់កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកពេញបណ្តាញសង្គម ជាពិសេសពីសំណាក់ប្រិយមិត្តអ្នកគាំទ្រ ។
Zhao Wei ត្រូវបានអាជ្ញាធរ Beijing កត់ឈ្មោះក្នុងបញ្ជីស្បែកខ្មៅ និង ត្រូវគេដកឈ្មោះចេញពីរឿងភាគល្បីៗដែលនាងធ្លាប់សម្តែង គេហទំព័រធំៗ ព្រមជាមួយកម្មវិធីទូរទស្សន៍ផ្សេងៗរបស់នាង ត្រូវលុបចោលដោយពុំដឹងមូលហេតុ ។ មហាជនសង្ស័យថាពាក់ព័ន្ធនឹងរឿងអាស្រូវចាស់កាលពីមុន ដូចជាការបានស្លៀកឯកសណ្ឋានមានជាប់ទង់ជាតិជប៉ុន និង រឿងក្លែងបន្លំអាជីវកម្មនៅឆ្នាំ ២០១៨ ជាដើម ។
នាងត្រូវបានគេបិទមិនឱ្យប្រើប្រាស់បណ្តាញសង្គម Weibo ដែលជាបណ្តាញសង្គមធំរបស់ប្រទេសចិនបន្ទាប់ពីរឿងនេះផ្ទុះឡើង និង មានលេចឮពាក្យចចាមអារ៉ាមថារូបនាងបានលួចជិះយន្តហោះផ្ទាល់ខ្លួន រត់គេចទៅទីក្រុង Bordeaux ប្រទេសបារាំង ដើម្បីសំងំលាក់ក្នុងក្នុងផ្ទះវីឡាចំការទំពាំងបាយជូរ ដែលនាងបានទិញកាលពីឆ្នាំ ២០១១ ក្នុងគោលបំណងគេចវេះ ពីរឿងអាស្រូវធំនេះ ។
យ៉ាងណាមិញ ដើម្បីលុបបំបាត់ពាក្យចចាមអារ៉ាមទាំងនេះ ក្រោយពេលបណ្តាញសង្គម Weibo របស់នាងត្រូវបានគេបិទ Zhao Wei បានបង្ហោះរូបចំនួន ៣ សន្លឹកនៅលើគណនី Instagram បើទោះបីជាបណ្តាញសង្គមមួយនេះត្រូវបានគេហាមមិនឱ្យប្រើប្រាស់នៅប្រទេសចិនក៏ដោយ ។ ការបង្ហោះនេះធ្វើឡើងក្នុងគោលបំណងបកស្រាយ និង បង្ហាញថា រូបនាងមិនបានហោះគេចខ្លួនទៅប្រទេសបារាំងដូចពាក្យចចាមអារ៉ាមនោះឡើយ ដោយពេលនេះរូបនាងកំពុងស្នាក់នៅជាមួយឪពុកម្តាយរបស់នាងក្នុងទីក្រុង Beijing ។ ក្រោយមករូបភាពទាំងនោះត្រូវបានលុបចោលភ្លាមៗ បន្ទាប់ពីបង្ហោះរួចមិនបានប៉ុន្មាននាទី ៕
ប្រភព ៖ TheHLWReporter