Seungri គ្រោងប្តឹងតវ៉ាបន្តទៅឧទ្ធរណ៍ រឿងតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ៣ ឆ្នាំ
តារាប្រុសកូរ៉េ Seungri សមាជិកក្រុម BIG BANG ត្រូវបានតុលាការយោធាសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំ ព្រមទាំងពិន័យប្រាក់ជិត ១ លានដុល្លារ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ពីបទជួញដូរពេស្យាចារ គ្រឿងញៀន និង ល្បែង ។
ដោយឡែក នៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ សារព័ត៌មានក្នុងស្រុក Star News បានឱ្យដឹងថា តារាប្រុសរូបនេះ កំពុងតែមានគម្រោងត្រៀមប្តឹងតវ៉ាចំពោះការកាត់ទោសទាំងនេះ ទៅសាលាឧទ្ធរណ៍ហើយ ។
គួរឱ្យដឹងដែរថា ក្នុងការជំនុំជម្រះក្តីចុងក្រោយរយៈពេលជាង ១០ ខែមកនេះ Seungri តែងតែបដិសេធបន្តបន្ទាប់ នូវការចោទប្រកាន់នានាដែលគេបានចោទមកលើលោកជានិច្ច ។ នេះបញ្ជាក់ថា លោកពិតមិនព្រមទទួលយកការកាត់ទោសរបស់តុលាការយោធានេះឡើយ ។
យ៉ាងណាមិញ ក្រុមប្រឹក្សាច្បាប់របស់ Seungri មានពេលវេលាត្រឹមតែ ១០ ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃតុលាការបានកាត់ទោស ក្នុងការដាក់ពាក្យបណ្តឹងជាផ្លូវការទៅសាលាឧទ្ធរណ៍ ៕
ប្រភព៖ ALL KPOP