ពេល Kris ត្រូវចាប់ខ្លួនរឿងធ្វើខុសសីលធម៌ តារាចិនល្បីៗជិត ១០០ នាក់សម្រុកចូលរៀនវគ្គអប់រំសីលធម៌
តារាប្រុសស្រីរបស់ចិនរាប់សិបនាក់ រួមទាំងតារាល្បីជួរមុខមួយចំនួន បាននាំគ្នាចូលរៀនវគ្គបណ្តុះបណ្តាលពង្រឹងសីលធម៌ សុជីវធម៌បន្ថែម ដែលរៀបចំដោយរដ្ឋាបាលវិទ្យុ និង ទូរទស្សន៍ជាតិ ខណៈពេលផ្ទុះរឿងអាស្រូវផ្លូវភេទរបស់តារាប្រុស Kris Wu ។
ក្នុងនោះ គេឃើញមានតារាប្រុសស្រីបានចូលរួមសរុបចំនួន ៦៤ នាក់ ហើយគេមិនប្រាកដថា តារាទាំងនោះត្រូវបានជ្រើសរើសឱ្យចូលរួម ឬក៏វាជាការស្ម័គ្រចិត្តនោះទេ ។ ជាពិសេស ក្នុងនោះក៏មានវត្តមានរបស់តារាប្រុស Lei jiayin, Zhang Yishan និងតារាស្រី Rayzha Alimjan ផងដែរ ។
តាមពិតទៅ វគ្គខ្លីនេះមានឈ្មោះថា «វគ្គបណ្តុះបណ្តាលដើម្បីលើកកម្ពស់ការផលិតកម្មវីធីទូរទស្សន៍» ប៉ុន្តែវាត្រូវរួមបញ្ចូលដោយ ការពង្រឹងសីលធម៌ សុជីវធម៌ជាតារា ជាពិសេសនោះគឺ ការស្វែងយល់ឱ្យច្បាស់ពីច្បាប់ និង បទបញ្ជារបស់ប្រទេសផងដែរ ។
យ៉ាងណាមិញ ក៏មានមហាជនមួយចំនួន បានបញ្ចេញយោបល់ដូចនេះដែរថា វាគួរឱ្យអស់សំណើចណាស់ ដែលពួកគេគឺជាតារាល្បី តែបែរជានាំគ្នាមករៀនពីមេរៀនសីលធម៌មូលដ្ឋានទៅវិញ ។ ឯអ្នកខ្លះក៏បានលើកឡើងដូច្នេះដែរថា វាជាវគ្គអត់ប្រយោជន៍ទៅវិញទេ ពួកគេនៅតែអាចប្រព្រឹត្តអំពើមិនគប្បីដដែល នៅពេលដែលបានត្រូវបានអូសទាញដោយលុយ ឬ ចំណង់ណាមួយនោះ ៕
ប្រភព៖ SCMP