Beyonce ពីក្មេងបោសសម្អាតក្នុងហាងកាត់សក់ ក្លាយជាកំពូលតារាចម្រៀង
ស្រីស្រស់ស្រអែម វ័យ ៣៩ ឆ្នាំ Beyonce ជាកំពូលតារាចម្រៀងជើងចាស់ផ្នែកប៉ុបដ៏ល្បី ធ្លាប់មានសន្ទុះប្រជាប្រិយភាពសុះសាយវាតទីស្ទើរទូទាំងពិភពលោក តាមរយៈការបញ្ចេញសំនៀងក្រអួនក្រអៅចាក់ស្រែះបេះដូង ក្នុងបទចម្រៀងរណ្តំសោតាជាច្រើនបទកន្លងមក ។
ក្នុងនោះដែរ ទម្រាំតែបានប្រទះភាពជោគជ័យក្នុងជីវិតជាមួយវិស័យសិល្បៈ រួចឈានជើងមកឈរដល់ចំណុចកំពូលដូចសព្វថ្ងៃនេះ គឺតារាស្រី Beyonce បានចាប់ផ្តើមពីចំណុចសូន្យតែម្តង ពោលគឺមានតែភាពតស៊ូតែមួយមុខគត់ ។ ដើមឡើយ រូបនាងគ្រាន់ជាក្មេងស្រីធម្មតាម្នាក់ ដែលចាប់កំណើតក្នុងគ្រួសារតូចមួយ នារដ្ឋ Texas ប្រទេសអាមេរិកប៉ុណ្ណោះ ។ គ្រួសារនេះ មានម្តាយជាអ្នករកស៊ីបើកហាងសាឡនធ្វើសក់កាត់សក់ និង ឪពុកជាបុគ្គលិកការងារទីផ្សារ ។
នាពេលនោះ កំពូលតារារូបនេះ នាងតែងតែឆ្លៀតពេលជួយការងារម្តាយនៅហាងជានិច្ច ដើម្បីបានលុយចាយបន្ថែមខាងក្រៅ ។ ដោយធ្វើជាអ្នកបោសជូតសម្អាតឥដ្ឋ ព្រមទាំងប្រមូលសំរាមនេះនោះប្រចាំនៅក្នុងហាង ។ លើសពីនេះទៅទៀត ដោយសារតែមានដុងស្រឡាញ់ខាងសិល្បៈតាំងពីកំណើតមក ជារឿយៗនាងតែងធ្វើការសស្រាក់សស្រាំបណ្តើរ រួចថែមឆ្លៀតបង្ហើរសំនៀងមិនចេះរីងស្ងួតឱ្យភ្ញៀវដែលមកទទួលសេវាកម្មបានស្តាប់កម្សាន្តថែមទៀតផង ។
មិនយូរប៉ុន្មាន ដោយដឹងពីសមត្ថភាពរបស់ខ្លួនដូចនេះ នាងក៏បានពង្រឹងវាឱ្យកាន់តែល្អផងដែរ ។ នាងបានចូលរៀនក្រេបវិជ្ជាខាងសិល្បៈបន្ថែមនៅសាលាសិល្បៈ ដោយបានហ្វឹកហាត់សំឡេង ចាប់ជំនាញរាំ ព្រមទាំងជំនាញតន្ត្រីបន្ថែមថែមទៀតផង ។
ចាប់តាំងពីពេលនោះមក នាងក៏បានចូលរួមប្រកួតចម្រៀងជាច្រើនកន្លែង ទទួលបានបទពិសោធជារឿយៗ រហូតដល់នាងមានគំនិតបង្កើតក្រុមចម្រៀងដោយខ្លួនឯងនាវ័យត្រឹម ៩ ឆ្នាំប៉ុណ្ណោះ ដែលមានឈ្មោះថា «Destiney Child» ។ ក្រុមនេះ ក៏ទទួលបានប្រជាប្រិយច្រើនគួរសម ។ ចំណែកកន្លងមកប៉ុន្មានឆ្នាំ នាងក៏ចាប់ផ្តើមបញ្ចេញខ្លួនជាតារាចម្រៀងទោល រហូតទាក់ទាញចំណាប់អារម្មណ៍មហាជនកាន់តែច្រើន ញ៉ាំងឱ្យមានសន្ទុះល្បីល្បាញបោះសំឡេងទូទាំងពិភពលោកមកទល់សព្វថ្ងៃនេះ ៕