ត្រឹមអាយុ ៣៣ ឆ្នាំ Kim Soo Hyun សល់លុយវាល់លានអាចដេកចាយ ១០ ជាតិមិនអស់
កំពូលតារាសម្តែងបុរសជួរមុខរបស់កូរ៉េ វ័យ ៣៣ ឆ្នាំ គឺប្រុសសង្ហាមានស្នេហ៍ Kim Soo Hyun ដែលអ្នកគាំទ្រប្រាកដជាធ្លាប់បានស្រវាដណ្តើមរូបគេមកដាក់ក្នុងបេះដូងមិនខានឡើយ តាមរយៈសមត្ថភាពការសម្តែងរបស់លោកក្នុងរឿងភាគ K-Drama ល្បីៗនាកន្លងមក ។
តួឯកក្នុងរឿង «សង្សារខ្ញុំជាមនុស្សភពផ្កាយ» រូបនេះ បានឈានជើងប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ២០០៧ មកម្ល៉េះ ។ ដោយសារតែបានលេចមុខក្នុងរឿងភាគតូចធំជាហូរហែបន្តកន្ទុយ បូករួមជាមួយនឹងសមត្ថភាព ក៏ដូចជាសម្រស់ស្រស់សង្ហាថែមទៀតនោះ បានធ្វើឱ្យតារាប្រុសរូបនេះមានសន្ទុះប្រជាប្រិយភាពល្បីរន្ទឺដល់សព្វថ្ងៃ ។
មកទល់ពេលនេះ លោកបានក្លាយជាកំពូលតារាមួយដួងប្រចាំប្រទេសកូរ៉េ ជាមួយនឹងតម្លៃខ្លួនថ្លៃបំផុតក្នុងចំណោមតារាសម្តែងទាំងអស់ថែមទៀតផង គឺប្រមាណរហូតដល់ជាង ១៦៥ ០០០ ដុល្លារឯណោះ ក្នុងការសម្តែងមួយភាគតែប៉ុណ្ណោះ ។ លើសពីនេះទៅទៀត ចំពោះការចុះកុងត្រាផ្សព្វផ្សាយពាណិជ្ជកម្មឱ្យប្រ៊េនណាមួយ ឬ ថតស្ប៉ត ប្រុសស្អាតម្នាក់នេះ អាចរកចំណូលបានបានរហូតដល់ជាង ៨៧០ ០០០ ដុល្លារឯណោះ ។
ដោយសារតម្លៃខ្លួនខ្ពស់មិនធម្មតាជាងតារាទូទៅនេះហើយ ជាហេតុធ្វើឱ្យលោកក្លាយជាតារាសម្តែងដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់ក្នុងឆ្នាំ ២០២១ នេះ ជាមួយនឹងទឹកប្រាក់សរុបជាង ១១៧ លានដុល្លារ រួមជាមួយនឹងអចលនទ្រព្យខាងក្រៅរាប់លានដុល្លារថែមទៀតផង ។
យ៉ាងណាមិញ នៅក្នុងឆ្នាំ ២០២១ នេះ លោកក៏បានត្រៀមខ្លួនក្នុងការបញ្ចេញទឹកដៃសម្តែងនៅក្នុងរឿងភាគថ្មីជាបន្តបន្ទាប់ទៀតហើយ ដែលធ្វើឱ្យចំនួនទឹកប្រាក់ ទ្រព្យសម្បត្តិរបស់លោក ក៏កាន់តែស្ទុះឡើងខ្លាំងថែមទៀត ៕