តារាចម្រៀងទាំងនេះ ចេញពីផលិតកម្មភ្លាម ជះលុយបើកផលិតកម្មខ្លួនឯងយ៉ាងរំភើយ
ជាធម្មតាភាគច្រើននៅក្នុងវិស័យ KPOP យើងតែងសង្កេតឃើញថា តារាកូរ៉េប្រុសស្រីម្នាក់ៗ កាលណាបើពួកគេបានចប់កុងត្រាជាមួយផលិតកម្មដែលខ្លួនកំពុងជ្រកហើយ អ្នកសិល្បៈខ្លះសម្រេចចិត្តបន្តកុងត្រាជាមួយផលិតកម្មដដែលម្តងទៀត តែក៏មានអ្នកសិល្បៈខ្លះ បានដកខ្លួនចេញទៅស្រវារកទ្រនំផលិតកម្មថ្មីផងដែរ។
យ៉ាងណាមិញ ក្នុងនោះ មានតារាមួយចំនួន ដោយជឿជាក់លើបទពិសោធន៍របស់ខ្លួនដែលធ្លាប់ប្រឡូកក្នុងវិស័យសិល្បៈរាប់ឆ្នាំ រួមជាមួយធនធានថវិកាដែលមានស្រាប់ ពួកគេក៏បានសម្រេចចិត្តក្លាហានហ៊ានឈរជើងបោះទុនបង្កើតទ្រនំផលិតកម្មថ្មីដោយខ្លួនឯងតែម្តង ហើយអ្នកខ្លះក៏បានប្រសព្វនឹងភាពជោគជ័យជាបណ្តើរៗហើយ។ ចំណែកឯ អ្នកខ្លះក៏បានកំពុងអភិវឌ្ឍខ្លួនជាបន្តបន្ទាប់ផងដែរ។ ខាងក្រោមនេះ គឺជាតារាកូរ៉េប្រុសស្រីមួយចំនួនដែលបានបង្កើតផលិតកម្មផ្ទាល់ខ្លួន។
១. B.I
អតីតសមាជិកក្រុម IKON ម្នាក់នេះ បានចាកចេញពីក្រុមនៅឆ្នាំ ២០១៩។ ក្រោយមកនៅឆ្នាំ ២០២០ លោកក៏ត្រូវបានគេតែងតាំងឱ្យធ្វើជានាយកប្រតិបត្តិផ្នែកដឹកនាំផលិតរបស់ក្រុមហ៊ុនកម្សាន្តមួយឈ្មោះថា IOK COMPANY ហើយលោកក៏បានបង្កើតផលិតកម្មមួយទៀតឈ្មោះថា 131LABEL ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុននេះផងដែរ។ យ៉ាងណាមិញ ថ្មីៗនេះ Sowon អតីតសមាជិក GFRIEND ក៏ទើបតែបានចុះកុងត្រាជាមួយក្រុមហ៊ុនថែមទៀតផង។
២. Zico
នៅឆ្នាំ ២០១៩ កំលោះ Zico បានបង្កើតផលិតកម្មមួយមានឈ្មោះថា «KOZ Entertainment» ដែលមានតារាមួយចំនួនគឺ Dvwn និងក្រុមបុរស FANXY CHILD ផងដែរ។ មកដល់ឆ្នាំ ២០២០ ផលិតកម្មនេះ ក៏បានក្លាយជាសមាជិកស្ថិតក្រោមការគ្រប់គ្រងរបស់ផលិតកម្មឈានមុខ HYBE វិញ។
៣. Kang Daniel
បន្ទាប់ពីក្រុម Wanna One បានរំសាយនៅឆ្នាំ ២០១៩ ប្រុសស្អាត Daniel ក៏បានបង្កើតផលិតកម្មផ្ទាល់ខ្លួនភ្លាមតែម្តងនៅក្នុងឆ្នាំដដែល ដែលមានឈ្មោះថា «KONNECT ENTERTAINMENT»។ ក្នុងនោះ មានតែលោកប៉ុណ្ណោះជា តារាក្នុងផលិតកម្ម។ តែថ្មីៗនេះ ផលិតកម្មនេះ ក៏បានក្លាយជាក្រុមហ៊ុនមើលការខុសត្រូវចាត់ចែងការងារក្នុងស្រុករបស់តារាស្រី CL ផងដែរ។
៤. Rain
តារាប្រុសដ៏ល្បីរូបនេះ បានបង្កើតផលិតកម្មមួយមានឈ្មោះថា «RAINCOMAPY» នៅឆ្នាំ ២០១៥ ដោយមានជំនួយពីអ្នកគ្រប់គ្រងជិតស្និទ្ធរបស់លោក។ មកទល់ពេលនេះ ផលិតកម្មនេះ មានលោកផ្ទាល់ជាតារា និង ក្រុមបុរស «Ciipher» ព្រមទាំងតារាសម្តែងនារី «Oh Ye Ju» ផងដែរ។
៤. Jay Park
បន្ទាប់ពីបុរសស៊ិចស៊ី Jay Park បានចាកចេញពីក្រុម 2PM នៅឆ្នាំ ២០១០ រួចមក នៅឆ្នាំ ២០១៣ លោកក៏បានបង្កើតផលិតកម្ម AOMG ដែលមកដល់សព្វថ្ងៃនេះ កំពុងតែប្រទះភាពជោគជ័យជាបណ្តើរៗហើយ។ ក្នុងនោះ ក៏មានតារាមួយចំនួនដូចជា Gray, Loco, Simon Dominic, Yogyeom និង Lee Hi កំពុងស្ថិតក្រោមទ្រនំមួយនេះផងដែរ។
៥. Kim So Hye
អតីតសមាជិក I.O.I រូបនេះ បានបង្កើតផលិតកម្មមួយមានឈ្មោះថា S&P នៅក្នុងឆ្នាំ ២០១៦។ សព្វថ្ងៃនេះ មានតែរូបនាងម្នាក់ប៉ុណ្ណោះ ដែលជាតារាក្នុងផលិតកម្មនេះ។
៦. PSY
បន្ទាប់ពីបានផ្តាច់ខ្លួនពីផលិតកម្មយក្ស YG នៅឆ្នាំ ២០១៨ លោកក៏បានបង្កើតផលិតកម្ម P NATION នៅក្នុងឆ្នាំដដែល។ ឥលូវផលិតកម្មនេះ មានតារាកំពូលមួយចំនួនកំពុងជ្រកក្រោមទ្រនំ ដូចជា Jessi, HyunA, DAWN, Crush, Heize, D.Ark, Penomeco, និង Swings ។
៧. Hyolyn
អតីតសមាជិក Sistar រូបនេះវិញ បន្ទាប់ពីចាកចេញពីផលិតកម្ម Starship Entertainment នាងក៏បានបង្កើតផលិតកម្មមួយឈ្មោះថា «Bridge» នៅក្នុងឆ្នាំ ២០១៥ ។ ហើយ នាង គឺជាតារាតែម្នាក់ប៉ុណ្ណោះដែលស្ថិតក្រោមផលិតកម្មនេះ។
៨. HIGHLIGHT
បន្ទាប់ពីបានចាកចេញពីផលិតកម្ម Cube Entertainment សមាជិកក្រុមចម្រៀង Beast ក៏បានសហការគ្នាបង្កើតផលិតកម្មមួយមានឈ្មោះថា «Around Us Entertainment» ហើយពួកគេក៏បានប្តូរឈ្មោះក្រុមពី «Beast» ទៅជា «Highlight» វិញ រួចក៏បានបន្តសកម្មភាពសិល្បៈដោយខ្លួនឯងរហូតមក។
៩. Shinhwa
បន្ទាប់ពីចាកចេញពីផលិតកម្មយក្ស SM នៅឆ្នាំ ២០០៣ សមាជិកទាំងអស់ក៏បានត្រលប់មកជួបគ្នាវិញ រួចថែមទាំងបានសហការគ្នាបង្កើតផលិតកម្មថ្មីមួយទៀតផងក្នុងឆ្នាំ ២០១១ ដែលមានឈ្មោះថា «Shinhwa Company» ហើយពួកគេក៏បានបន្តការងារសិល្បៈទៅមុខទៀត ក្រោមការគ្រប់គ្រងរបស់ផលិតកម្មនេះផងដែរ។ ក្នុងនោះ មាន Eric និង Minwoo ជានាយកប្រតិបត្តិ។ ចំណែកឯ សមាជិកដទៃទៀត គឺជាអ្នករួមភាគហ៊ុនប៉ុណ្ណោះ។
១០. Lay
ប្រុសស្អាត Lay ទើបបានប្រកាសជាផ្លូវការនូវការបង្កើតផលិតកម្ម «Chromosome Entertainment Group» របស់ខ្លួន នៅខែតុលា ឆ្នាំ ២០២០ កន្លងទៅ ហើយពេលនេះ ផលិតកម្មនេះ ក៏បានកំពុងប្រកាសរកអ្នកហ្វឹកហាត់ចម្រៀងផងដែរ។
១១. Jackson Wang
បុរសសង្ហាអតីតសមាជិក GOT7 ក៏មានផលិតកម្ម «Team Wang» ជារបស់ខ្លួនផងដែរ។ ផលិតកម្មនេះ បានមើលការខុសត្រូវទៅលើតារាងការងារ ក្រៅប្រទេសរបស់លោកស្ទើរទាំងស្រុង។
១២. Yubin
ស្រីស្អាត Yubin អតីតសមាជិកក្រុមចម្រៀងនារី Wonder Girls រូបនេះ ទើបតែបានបង្កើតផលិតកម្មថ្មីផ្ទាល់ខ្លួន នៅឆ្នាំ ២០២០ នេះ ដោយមានឈ្មោះថា «RRR Entertainment» សរសេរពេញគឺ «Real Recognize Real Entertainment»។
ប្រភព៖ ALL KPOP