វាសនាខ្ពស់! Bird thongchai ពីអ្នកបើកទ្វារសណ្ឋាគារ ក្លាយជាកំពូលតារាចម្រៀងថៃ
Bird thongchai គឺជាតារាចម្រៀងល្បីបំផុតប្រចាំប្រទេសថៃ។ បច្ចុប្បន្ន លោកមានអាយុ ៦៥ ឆ្នាំហើយ។ ស្ដេចច្រៀងរូបនេះ កើតក្នុងខេត្ត ធុនបុរី ។ បើក្រឡេកទៅមើលពីជីវិតរបស់លោក មុនពេលឈានជើងក្លាយជាអ្នកសិល្បៈល្បីប្រចាំប្រទេសនោះ Bird thongchai បានឆ្លងកាត់ជីវិតដ៏លំបាកគ្មានអ្នកដឹងជាច្រើនរាប់មិនអស់។
តាមរការឱ្យដឹងពីសារព័ត៌មានក្នុងស្រុកមួយរបស់ថៃបានឱ្យដឹងថា ដំបូងឡើយ Bird thongchai គឺជាកូនអ្នកក្រខ្សត់ម្នាក់ រកព្រឹកខ្វះល្ងាច។ លោកគឺជាបង្គោលក្នុងគ្រួសារ ពោលគឺជាអ្នករកប្រាក់ផ្គត់ផ្គង់គ្រួសារទាំងមូល។ មានពេលមួយ Bird បានដាក់ការងារធ្វើជាអ្នកបើទ្វារសណ្ឋាគារមួយកន្លែង ដើម្បីរកចំណូលជូនគ្រួសារ។ តែវាសនាមនុស្សមើលមិនឃើញ ខណៈដែលធ្វើជាអ្នកបើកទ្វារសណ្ឋាគារឱ្យគេ Bird ត្រូវបានអ្នកគ្រប់គ្រងនៅទីនោះ ឱ្យទៅទួលភ្ញៀវធំៗដែលចូលមក តែដោយសារតែភាពកំប្លុកកំប្លែង ពូកែនិយាយធ្វើឱ្យភ្ញៀវសើចសប្បាយ Bird ក៏ត្រូវបានភ្ញៀវនៅក្នុងសណ្ឋាគារ ដែលមានអាជីពជាអ្នកដឹកនាំរឿងម្នាក់ឃើញ ហើយពេញចិត្តនឹងរូបសម្រស់របស់លោកជាខ្លាំង ព្រមទាំងបានហៅលោកឱ្យទៅសម្តែងរឿងជាមួយទៀតផង។
ពេលនោះហើយ ជាពេលដែល Bird ចាប់ផ្តើមមានអ្នកស្គាល់លោកតាមរយៈស្នាដៃសម្តែងរឿងជារឿយៗ រហូតលោកទទួលបានឱកាសល្អមួយទៀតពីម្ចាស់ផលិតកម្មល្បីឈ្មោះមួយរូបនៅក្នុងប្រទេសថៃ ដោយបានណែនាំលោកឱ្យប្រលងធ្វើជាអ្នកចម្រៀងក្នុងផលិតកម្មរបស់លោក។ ពេលនោះ Bird ក៏បានសម្រេចចិត្តស្រវាប្រឡូកនៅក្នុងវិស័យជាអ្នកចម្រៀងវិញម្ដង ដោយបានសម្រេចចិត្តចូលរួមនៅក្នុងការប្រកួត។ ជាលទ្ធផល លោកទទួលបានជ័យលាភីលេខ ១ និង ល្បីឈ្មោះពីពេលនោះមក។
ដោយសារសមត្ថភាពសិល្បៈដ៏សម្បូរបែប គួបផ្សំនឹងរូបសម្រស់ដ៏ស្រស់សង្ហា Bird ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ និង ពេញចិត្តគាំទ្រច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតធ្វើឱ្យលោកឈរជើងជាតារាចម្រៀងបានល្បីខ្ទរខ្ទារពេញប្រទេសមកទល់ពេលបច្ចុប្បន្ន ។ លើសពីនេះទៅទៀត Bird thongchai ត្រូវបានគេចាត់ទុកថាជា ស្ដេចចម្រៀងក្នុងប្រទេសថៃ និង ជាសេដ្ឋីប្រាក់លានម្នាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា Bird thongchai អាចបម្រើអារម្មណ៍ទស្សនិកជនស្ទើរគ្រប់ផ្នែកនៃសិល្បៈដូចជា ច្រៀង សម្តែង ឬ ពិធីករនោះទេ លោកអាចធ្វើបានគ្រប់យ៉ាង៕
ប្រភព៖ Pantip