ពិធីករ Britain’s Got Talent ជះលុយរៀបការភរិយាទីពីរ បើប៉ះអ្នកល្មមៗចាយបាន ១ជីវិត
ប្រិយមិត្តអ្នកគាំទ្រមួយចំនួន ប្រាកដជាបានស្គាល់រួចមកហើយនូវពិធីករដ៏ល្បី ប្រចាំកម្មវិធីលំដាប់ពិភពលោក Britain’s Got Talent គឺលោក Ant Mcpartlin ដែលជារឿយៗរូបលោក និង ដៃគូពិធីករម្នាក់ទៀត តែងបញ្ចេញសកម្មភាព កាយវិការកំប្លុកកំប្លែង លាយឡំជាមួយនឹងពាក្យសម្តី ញ៉ាំងឱ្យបរិយាកាសកម្មវិធីកាន់តែគួរឱ្យចង់ទស្សនា។
ថ្មីៗនេះ រូបលោកត្រូវបានគេដឹងថា បានដឹកដៃស្រីស្អាត Anne-Marie Corbett ដែលជាភរិយាទីពីរចូលរោងការ នាថ្ងៃសៅរ៍ ទី ៧ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ នៅឯព្រះវិហារ Heckfield ប្រទេសអង់គ្លេស បន្ទាប់ពីលែងលះភរិយាទីមួយបានរយៈពេលជាង ៣ ឆ្នាំ។
លើសពីនេះទៅទៀត មង្គលការលើកនេះ មើលទៅពិតជាសាមញ្ញ តែបានរំលេចភាពប្រណីតអភិជនមិនធម្មតាឡើយ ដោយលោក Mcpartlin បានចំណាយអស់ជាង ៧០០ ០០០ ម៉ឺនដុល្លារឯណោះ ក្នុងការចាត់ចែងរៀបចំ។
ក្នុងនោះ បើគិតត្រួសៗ គ្រាន់តែតម្លៃជួលព្រះវិហារក្នុងរយៈពេលមួយថ្ងៃគឺរហូតដល់ ៣៥០ ០០ ដុល្លារឯណោះ។ ចំណែកឯ ឈុតកូនក្រមុំមានតម្លៃជាង ២០០ ០០ ដុល្លារ ហើយឡានទំនើប Rolls-Royce ដែលបានដឹកកូនក្រមុំមកពិធីមានតម្លៃជាង ៤០០ ០០០ ដុល្លារ។ ជាពិសេសទៅទៀតនោះ ពិធីករឆ្នើមរូបនេះ ក៏បានចំណាយរហូតដល់ ១៥០ ០០០ ដុល្លារ ដើម្បីជួលសណ្ឋាគារប្រណីត ដែលមានឈ្មោះថា «Heckfield » ស្ថិតនៅជាប់ព្រះវិហាររៀបចំមង្គលការ ដើម្បីឱ្យភ្ញៀវដែលចូលរួមជាង ១០០ នាក់បានសម្រាកមួយយប់ថែមទៀតផង។
យ៉ាងណាមិញ មហាជនមួយចំនួនក៏បានចូលរួមអបអរសាទរចំពោះលោកផងដែរ ក្នុងការចាប់ផ្តើមគ្រួសារថ្មីរបស់លោក ហើយក៏បានលួចមានកូនចិត្តរំភើប ស្ញើចសរសើរចំពោះពិធីករមុខស្រស់នេះ ដែលហ៊ានចំណាយយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់រៀបចំពិធីមង្គលការនេះ៕
ប្រភព៖ DAILY MAIL