អតីតតារាចម្រៀងល្បីប្រចាំ KH Promotion សុផា នីតា បាត់មុខឈឹងពីសិល្បៈ!
បើត្រឡប់ទៅកាន់ឆ្នាំ ២០០៤ មហាជននិយមស្តាប់បទចម្រៀង និង គាំទ្រតារាចម្រៀងប្រចាំផលិតកម្ម KH Promotion ប្រាកដជាបានស្គាល់ហើយ តារាចម្រៀងមាឌល្អិត សុផា នីតា ម្ចាស់បទ «ខ្លាចបាប» ដែលមានការគាំទ្រយ៉ាងខ្លាំងនាពេលនោះ ។ ក្រោយពីបានសាងកេរ្តិ៍ឈ្មោះក្នុងផលិតកម្មខាងលើបានរយៈពេល ២ ឆ្នាំ ពោលគឺពីឆ្នាំ ២០០៤ ដល់ ឆ្នាំ ២០០៦ សុផា នីតា បានចាកចេញពីទ្រនំចាស់ និង ចូលទៅជ្រកកោននៅក្នុងផលិតកម្ម CB (ចេនឡា Brother) វិញ ។
អំឡុងឆ្នាំ ២០០៦ នោះ សុផា នីតា ក៏បន្តក្តាប់តំណែងជាតារាស្រីមានប្រជាប្រិយភាព ស្រករៗនឹងកញ្ញា សុខ ពិសី និង អ្នកនាង សុខ ស្រីនាង ជាដើម ។ នៅក្នុងផលិតកម្ម CB នោះដែរ សុផា នីតា ក៏បានសាងស្នាដៃបទចម្រៀងល្បីៗជាច្រើនដូចជាបទ «ថែសង្សារគេ» បទ «ទោះដឹងថក្បត់ក៏សប្បាយចិត្ត» និង បទ «កុំវែកញែក» ជាដើម ។ ក្រោយមក គេក៏បានឃើញតារាស្រីខាងលើនេះបានផ្លាស់មកកាន់ទ្រនំចុងក្រោយគឺផលិតកម្ម U2 ។
យ៉ាងណាក៏ដោយ សាងកេរ្តិ៍ឈ្មោះក្នុងទ្រនំថ្មីមិនប៉ុន្មានឆ្នាំ សុផា នីតា ក៏បានបាត់មុខសូន្យឈឹងនៅលើវិថីសិល្បៈតែម្តង គឺសូម្បីតែការឡើងច្រៀងលើឆាកតន្ត្រីក៏គ្មាននោះដែរ ។ ជាងនេះទៅទៀត អ្នកគាំទ្រតារាចម្រៀងស្រីរូបនេះកាលពីជំនាន់មុន ក៏ហាក់នៅតែឆ្ងល់ និង ចង់ដឹងណាស់ដែរ ថាតើពេលនេះ សុផា នីតា រស់នៅទៅណា ព្រោះកម្រឃើញមានព័ត៌មានផ្សាយពីរឿងរ៉ាវឯកជនរបស់នាងណាស់ ។ រីឯនៅក្នុងបណ្តាញសង្គមវិញ ក៏ហាក់មិនមានវត្តមានរូបនាងទៀតផង ៕