ញាក់សាច់! បរាជ័យជីវិតគូមែន ប៉ុន្តែ Yang Mi ឈរជាតារាសម្ដែងស្រីចិនទី ១ រកចំណូលខ្ពស់បំផុតលើលោក
ឆ្លងកាត់រឿងអាស្រូវព្យុះភ្លៀងមិនតិចទេ ចាប់តាំងពីផ្ទុះព័ត៌មានលែងលះស្វាមី ពេលនេះតារាសម្តែងស្រី Yang Mi ក្លាយជាមនុស្សស្រីពោរពេញដោយភាពរឹងមាំ និង ជាស្ត្រីឯករាជ្យម្នាក់នៅឯវិថីសិល្បៈនៃប្រទេសចិន អ្នកគាំទ្រតែងកោតសរសើរ ។
បើនិយាយត្រឡប់ទៅក្នុងឆ្នាំ ២០១៩ លើអាជីពសិល្បៈរបស់នាង ហាក់ដូចជាមានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ប៉ុន្តែក្រោយមក តារាស្រីរូបនេះ បានស្តារប្រជាប្រិយភាពឡើងត្រទ្បប់មកវិញយ៉ាងកក្រើក ។
កាលពីពេលកន្លងទៅ Yang Mi ធ្លាប់ត្រូវបានគេរាយការណ៍ថា នាងគឺជាតារាសម្ដែងស្រីចិនមួយរូប ដែលរកបានប្រាក់ចំណូលខ្ពស់បំផុតនៅលើពិភពលោក ដោយប្រមូលបាន ៥៨ លានដុល្លារ ហើយគួរឱ្យភ្ញាក់ផ្អើលនោះ នៅចន្លោះខែកក្កដា ឆ្នាំ ២០២០ ដល់ខែកក្កដា ឆ្នាំ ២០២១ គឺនាងរកបានចំនួនជិត ៣០ លានដុល្លារ លើការប្រកួតប្រជែងជាមួយតារាក្នុងវិស័យកម្សាន្តដូចគ្នា ។
យ៉ាងណាមិញ មកដល់ឆ្នាំនេះ គឺជាឆ្នាំដ៏លំបាកមានឧបសគ្គច្រើនរាប់មិនអស់ ប៉ុន្តែសម្រាប់តារាសម្ដែងស្រីល្បីឈ្មោះរូបនេះ នៅតែអាចរកលុយបានរាប់លានដុល្លារ ។ មិនត្រឹមតែប៉ុណ្ណោះ តារាស្រីវ័យ ៣៤ ឆ្នាំរូបនេះ បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមតារាទាំង ១០ របស់ចិន ដែលអាចរកប្រាក់ចំណូលខ្ពស់បំផុត ក្នុងឆ្នាំ ២០២១ ៕
ប្រភព៖ mediamass