ក្ដៅចិត្តពេក Selena ចេញមុខហែក អ្នកយករឿងនាងប្តូរក្រលៀនមកលេងសើចផាំងៗ
ឆួលចុងច្រមុះមិនតិចឡើយ ទើបថ្មីនេះៗ តារាចម្រៀងប៉ុបស្រីដ៏ល្បីរបស់អាមេរិក Selena Gomez សម្រេចចេញមុខមកពន្លះផាំងៗ ចំពោះអ្នកដែលចូលចិត្តលើកយករឿងធ្លាក់ខ្លួនឈឺរហូតដល់ឈានដល់ការប្តូរក្រលៀនរបស់នាងកាលពីឆ្នាំ ២០១៧ មកនិយាយលេងសើចកម្សាន្តអារម្មណ៍ ព្រោះវាបានធ្វើឱ្យប៉ះពាល់សតិផ្លូវចិត្តរបស់នាងខ្លាំងណាស់។
ជាពិសេស កាលពីពេលថ្មីៗកន្លងទៅនេះ មានរឿងភាគមួយរបស់អាមេរិក បានមានបញ្ចូលឆាកដែលតួអង្គបាននិយាយពីតារាស្រីរូបនេះ តែមិនបាននិយាយក្នុងន័យត្រឹមត្រូវនោះទេ បែរជាលើកយកការប្តូរក្រលៀនរបស់នាងមកចម្អន់ក្នុងន័យលេងសើចទៅវិញ ជាហេតុធ្វើឱ្យអ្នកគាំទ្ររបស់នាងនាំគ្នាផ្អើលចេញមុខព្រួតស្តីជាន់កអ្នកដឹកនាំរឿង ឱ្យចេះគោរពសិទ្ធ Selena មុននឹងនាងចេញមកពន្លះទៅទៀត។
បន្ទាប់ពីអ្នកគាំទ្របានចេញមុខការពាររួចហើយ ស្រីស្រស់រូបនេះក៏បានចេញមុខមកពន្លះនៅតាមបណ្តាញ IG របស់ខ្លួនវិញម្តងថា៖ «ខ្ញុំមិនសូវដឹងសោះឡើយ ថាអ្នកនិពន្ធអាចសរសេររឿងលេងសើចទាក់ទងនឹងការផ្លាស់ប្តូរអវយវៈរបស់អ្នកដទៃនៅក្នុងរឿងភាគបាន តែគួរឱ្យសោកស្តាយវាពិតជាមានពិតមែន។ ហើយខ្ញុំសង្ឃឹមថា នៅក្នុងសាច់រឿងដទៃទៀត ដែលមានការលេងសើចអត់ប្រយោជន៍ទាំងនេះនៅក្នុងឆាក នឹងត្រូវបានកាត់ចោលភ្លាមៗ ព្រមទាំងមិនបានចាក់ផ្សាយតាមទូរទស្សន៍ផងដែរចុះ»។
យ៉ាងណាមិញ អ្នកគាំទ្រហាក់ក្តៅក្រហាយជាងសាមីខ្លួនទៅទៀត ព្រោះពួកគេហត់នឿយនឹងការនិយាយលេងស្តីមិនចេះគិតរបស់ជនមួយចំនួនខ្លាំងណាស់ ដែលមិនមានមារយាទគំនិតគោរពដល់ផ្លូវចិត្តតារាសំណព្វរបស់ខ្លួន។ ហើយ Selena ក៏បានអរគុណទៅពួកគេទាំងអស់គ្នាយ៉ាងរំជួលចិត្តផងដែរ ដែលតែងតែមានវត្តមានការពារ និង ស្រឡាញ់នាងតាំងពីដើមរហូតមក បើទោះបីជាមានអ្វីកើតឡើងក៏ដោយ៕
ប្រភព៖ Dailymail