នៅសុខៗ Chompoo ត្រូវអ្នកគាំទ្រចុច Unfollow គណនី IG យ៉ាងគំហុក ព្រោះមូលហេតុនេះ
មហាជនពិតជាបានជ្រាបមកហើយពីតារាស្រីនាង Chompoo Ariya គឺជាតារាស្រីជួរមុខរបស់ថៃម្នាក់ ដែលមានចំនួនអ្នកតាមដានគណនី IG ច្រើនបំផុត ក្នុងចំណោមតារាស្រីល្បីៗជាច្រើនៅក្នុងប្រទេស ។
ដោយឡែក យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុករបស់ថៃមួយ កាលពីថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ បានឱ្យដឹងថា មួយរយៈចុងក្រោយនេះតារាស្រីនាង Chompoo Ariya ហាក់បីដូចជាបានបាត់បង់អ្នកតាមដានគណនី IG យ៉ាងច្រើនគួរឱ្យកត់សម្គាល់ ។
នៅក្នុងនោះគេបានបញ្ជាក់ថា ចាប់តាំងពីខែកក្កដាមក ចំនួនអ្នកតាមដានគណនីតារាស្រីរូបនេះ បានធ្លាក់ចុះជាលំដាប់ ដោយធម្មតាមានចំនួនអ្នកតាមដានគណនីផ្ទាល់របស់នាងសរុបចំនួន ១០ ៥៧៩ ២០៥ នាក់នោះ ពេលនេះបែរជាបាត់បង់អ្នកតាមដានអស់ ១០៦ ៣៩៤ ទៅវិញ ។ ដោយឡែកនៅថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ គេបានកត់តួលេខធ្លាក់ចុះនូវចំនួនអ្នកតាមដានរបស់នាងបន្ថែមទៀត គឺមានចំនួន ២៤៦៦ នាក់ ។
យ៉ាងណាមិញ មូលហេតុដែលធ្វើឱ្យកំពូលតារាស្រី Chompoo Ariya បាត់បង់អ្នកតាមដានគណនី IG ដ៏ច្រើនសន្ធឹកសន្ធាប់ជាលំដាប់នោះ ដោយសារមួយរយៈចុងក្រោយនេះគេសង្កេតឃើញថា នាងហាក់បីដូចជាទទួលបានការរិះគន់យ៉ាងខ្លាំងពីមហាជនថៃ មិនថាទាង់ទងទៅនឹងរឿងវ៉ាក់សាំង និង រឿងមួយចំនួនទៀត ដូចជារឿងនយោបាយក្នុងប្រទេស ជាដើមនោះ ៕
ប្រភព៖ daradaily