ក្ដៅចិត្តពេក! តារាសម្ដែង Jennifer Aniston ប្រកាសកាត់កាល់ពួកម៉ាកចោល ឱ្យតែអ្នកណាមិនព្រមចាក់វ៉ាក់សាំងកូវីដ-១៩
នៅស្ងៀមមិនបានឡើយ តារាសម្តែងស្រីហូលីវូដ Jennifer Aniston បានក្តៅស្លឹកត្រចៀកចេញមុខមកពន្លះពួកអ្នកប្រឆាំងមិនចាក់វ៉ាក់សាំងកូវីដក្នុងប្រទេសខ្លួនផាំងៗ ថែមទាំងទម្លាយឱ្យដឹងថា រូបនាងបានឈប់រាប់អានមិត្តភក្ដិ ដែលមិនព្រមចាក់វ៉ាក់សាំងកូវីដថែមទៀតផង។
ក្នុងការសម្ភាសក្នុងកម្មវីធីមួយ តារាស្រីរូបនេះ បានបញ្ចេញអារម្មណ៍ចំពោះអ្នកប្រឆាំងការចាក់វ៉ាក់សាំងមួយចំនួនថា នាងពិតជាហត់ចិត្តខ្លាំងណាស់ ចំពោះអ្នកដែលមិនចេះគិត មិនចេះស្តាប់ ព្រមទាំងមិនមើលស្ថានការណ៍បច្ចុប្បន្ន តែបែរជាមានភាពភ័យខ្លាច ថែមទាំងជឿលើការឃោសនាមិនគប្បីអត់ប្រយោជន៍ផ្សេងៗទៅវិញ វាពិតជាគួរឱ្យអាម៉ាស់ខ្លាំងណាស់។ មិនតែប៉ុណ្ណោះ នាងបានបន្ថែមថា រូបនាងផ្ទាល់ ទើបតែឈប់រាប់អានមនុស្សជាច្រើននាក់កាលពីពេលថ្មីៗនេះ ក៏ព្រោះតែពួកគេមិនព្រមចាក់វ៉ាក់សាំង។ ចំណែកឯ អ្នកខ្លះទៀត នៅសំងំស្ងៀមមិនព្រមប្រាប់ថាខ្លួនបានទទួលវ៉ាក់សាំងហើយ ឬ នៅនោះទេ ។
នាងបន្តទៀតថា ពួកយើងរាល់គ្នាពិតជាសំណាងខ្លាំងណាស់ ដែលមានឱកាសបានទទួលវ៉ាក់សាំង ព្រោះក្នុងស្ថានភាពនេះ បើសិនជាមានការឆ្លងម្នាក់ វានឹងធ្វើប៉ះពាល់មនុស្សជាច្រើននាក់ទៀត។ ដូចនេះ សូមទៅចាក់វ៉ាក់សាំងទាំងអស់គ្នា។
យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានទម្លាយថា រូបនាងបានចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ហើយ។ ចំណែកស្ថានការណ៍ក្នុងប្រទេសអាមេរិកពេលនេះ គឺនៅតែឈរលើលំដាប់ទីមួយដែលមានអ្នកឆ្លងជំងឺកូវីដច្រើនជាងគេលើពិភពលោក ហើយខណៈនេះកំពុងតែអាចប្រឈមនឹងរលកថ្មី ពោលគឺវីរុសពូជ Delta នេះតែម្ដង៕
ប្រភព៖ Dailymail