ក្តៅចិត្តពេក អ្នកលក់អនឡាញល្បីថៃ ពន្លះមួយទំហឹងអ្នកដេញនាងមិនឱ្យសង់មន្ទីរពេទ្យដាក់អ្នកជំងឺកូវីដ
ប្រិយមិត្តប្រាកដជាបានស្គាល់ហើយពីអ្នកលក់អនឡាញល្បីឈ្មោះម្នា្កក់ប្រចាំប្រទេសថៃ គឺនាង Pimrypie ដែលត្រូវមហាជនជាច្រើនហៅនាងថា «ទេពធីតាចិត្តធម៌» ព្រោះនាងតែងតែដើរជួយដល់ប្រជាជនក្រីក្ររាប់ពាន់នាក់នៅក្នុងប្រទេសថៃ ។
ខណៈពេលដែលប្រទេសកាន់តែយ៉ាប់យឺនទៅៗ ដោយសារតែជំងឺកូវីដ-១៩ វាយប្រហារ ដោយខាងមន្ទីរពេទ្យនៅក្នុងប្រទេសថៃជាច្រើន ខ្វះកន្លែងសម្រាប់ដាក់អ្នកជំងឺ ទុកឱ្យអ្នកជំងឺដេកស្លាប់រាយប៉ាយជាច្រើននោះ នាង Pimrypie ក៏មិនឈរឱបដៃមើលពីស្ថានភាពដ៏សែនខ្លោចផ្សារទាំងនោះដែរ ។
ថ្មីៗនេះ នាង Pimrypie បានចេញមុខស្នើសុំទៅខាងអ្នកគ្រប់គ្រងមន្ទីរពេទ្យមួយឈ្មោះ Sanam ដើម្បីសាងសង់អគារមន្ទីរពេទ្យនេះបន្ថែមទៀត សម្រាប់ទុកដាក់អ្នកជំងឺកូវីដ-១៩ ដែលគ្មានកន្លែងព្យាបាល ប៉ុន្តែសំណើរបស់នាងបែរជាត្រូវអ្នកគ្រប់គ្រងនៅទីនោះទាត់ចោល និង ថែមទាំងបណ្តេញនាង ព្រមទាំងក្រុមការងារ ដែលចុះទៅទីនោះចេញជាច្រើនលើកច្រើនសាទៀតផង ។
ដោយសារទ្រាំនឹងទង្វើបែបនោះមិនបាន នៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ នាង Pimrypie ស្រាប់តែចេញមុខឡាយវីដេអូពន្លះដល់អ្នកទាំងនោះយ៉ាងចាស់ដៃថា «នាងគ្រាន់តែស្នើសុំធ្វើមន្ទីរពេទ្យឱ្យអ្នកជំងឺ តែបែរជាត្រូវពួកឯងទាំងនោះមិនសហការ ហើយថែមទាំងដេញនាង និង ក្រុមការងារនាងចេញទៀត ប្រហែលអស់លោកខ្លាចគេដណ្តើមមុខមាត់ពីខ្លួនហើយមើលទៅ តែគិតខុសហើយខ្ញុំមិនមែនដើម្បីមុខមាត់នោះទេ គ្រាន់តែអាណិតដល់អ្នកជំងឺដែលគ្មានកន្លែងព្យាបាល ហើយខ្ញុំក៏មិនឈប់ត្រឹមនេះដែរ ចាំមើលភាគបន្តទៀតតើមានរឿងអ្វីកើតឡើង» ។
យ៉ាងណាមិញ ក្រោយពីបានដឹងរឿងរ៉ាវបែបនេះចំពោះនាង មានមហាជនមិនតិចនោះទេដែលសម្តែងការមិនពេញចិត្ត និង មានការប្រតិកម្មចំពោះអ្នកគ្រប់គ្រងនៅមន្ទីរពេទ្យខាងលើនោះ ៕
ប្រភព៖ Amarintv