ក្រោយលែងលះ Zhao Liying ទិញវីឡាតម្លៃរាប់លានដុល្លារ ទុកឱ្យមនុស្សសំខាន់
បន្ទាប់ពីលែងលះគ្នាដាច់ស្រេចជាមួយស្វាមីរយៈពេល ៣ ខែកន្លងមក តារាសម្ដែងស្រី Zhao Liying បានត្រឡប់មកប្រើជីវិតរស់នៅម្នាក់ឯងដូចពីមុនសាជាថ្មី ក្នុងឧស្សាហកម្មកម្សាន្តចិន ។
បើតាមប្រភពចេញពី BJH បានឱ្យដឹងថា តារាសម្ដែងស្រីមានទ្រព្យស្ដុករូបនេះ នាងអាចរស់នៅបានដោយមិនចាំបាច់ព្រួយបារម្ភអំពីជីវិតរបស់នាង ក្រោយពេលលែងលះពីអតីតស្វាមី គឺលោក Feng Shaofeng ដែលជាតារាសម្ដែងល្បីឈ្មោះមួយរូប ក្នុងវិស័យកម្សាន្តចិន ហើយប្រធានបទនេះ ក្លាយជារឿងមួយកំពុងផ្ទុះការចាប់អារម្មណ៍ និង តាមដានមិនដាច់ពីអ្នកនិយមលេងក្នុងបណ្ដាញសង្គម Weibo ។
នៅក្នុងនោះដែរ ក៏មានដំណឹងលេចឮថា តារាសម្ដែងស្រីរូបនេះ ក្រោយពីលែងលះគ្នារួចហើយ នាងបានទិញវីឡាទំនើបមួយទុកឱ្យកូនប្រុសអាយុ ២ ឆ្នាំ របស់នាងរស់នៅក្នុងជីវិតអភិជន មានតម្លៃ ១៤០ លានយ័ន (ប្រមាណ ២១,៥៨ លានដុល្លារ) នៅក្នុងទីក្រុងប៉េកាំង ធ្វើជាអំណោយជូនដល់គេ បើមើលតាមរូបភាពនៃប្លុកអចលនទ្រព្យដ៏ធំមួយនេះ ។
ឃើញដូចនេះ អ្នកនិយមលេងក្នុងបណ្ដាញសង្គមចិន បានសម្ដែងការសរសើរចំពោះទឹកចិត្តជាម្ដាយរបស់ Zhao Liying ដែលនាងបានព្យាយាមអស់ពីសមត្ថភាព ដើម្បីផ្គត់ផ្គង់កូនប្រុសរស់នៅក្នុងជីវិតមួយដ៏ពេញលេញ និង មានសេចក្តីសុខ ។
ជាមួយគ្នានោះ នៅក្នុងបទសម្ភាសមួយ បានសាកសួរទៅកាន់នាង អំពីប្រាក់ដែលផ្តល់ឱ្យកូនរៀងរាល់ខែ ភ្លាមនោះតារាស្រីរូបនេះ បានបង្ហើបប្រាប់ថា នាងពេញចិត្តផ្តល់ឱ្យទាំងអស់ តាមអ្វីដែលកូនប្រុសរបស់នាងត្រូវការ ។
ជុំវិញរឿងចចាមអារ៉ាមស្នេហាថ្មី ទាក់ទងនឹង Zhao Liying ដោយផ្អែកលើចិញ្ចៀនពេជ្រដែលពាក់នៅលើម្រាមដៃកណ្ដាលដៃស្តាំរបស់នាងនោះ មកទល់ពេលនេះ អតីតភរិយា Feng Shaofeng នៅតែមិនមានចម្លើយឆ្លើយតបវិញនោះឡើយ ៕