ដល់បារាំង ១ សប្តាហ៍ ទើបបែកធ្លាយ ខេម និង មិត្តស្រី មិនមែនត្រឹមជាសង្សារ
កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅនេះ មហាជនក៏ដូចជាអ្នកគាំទ្ររបស់តារាចម្រៀងប្រចាំផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត់ត្រា លោក ខេម មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីស្ងាត់ៗបានឃើញលោកបង្ហោះប្រាប់ថាលោកបានទៅដល់ប្រទេសបារាំងយ៉ាងមានសុវត្ថិភាព ហើយបានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គម មានចម្ងល់ និង បានខមមិនសួរនាំលោកគ្រប់ៗគ្នា ទាក់ទងនឹងរឿងនេះ ។
ដោយឡែក អ្វីដែលកាន់តែធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ថែមទៀតនោះ ស្រាប់តែទៅដល់ប្រទេសបារាំងលោកបានបង្ហោះរូបភាពទារកម្នាក់មានមុខមាត់គួរឱ្យក្នាញ់ជាបន្តបន្ទាប់លើគណនីហ្វេសប៊ុក និង បាននិយាយថាទារកនោះជា Baby របស់លោក ។
យ៉ាងណាមិញ ជុំវិញរឿងរ៉ាវទារករូបនោះដែរ មិនទាន់ដឹងថាច្បាស់នៅឡើយថា គ្រាន់តែជាពាក្យលេងសើច ឬយ៉ាងណានោះ ដែលកំពុងតែធ្វើឱ្យមហាជនផ្ទុះចម្ងល់ និង មានការសង្ស័យជាខ្លាំងពីក្មេងតូចនោះ តែបើតាមការខមមិនរបស់អ្នកលេងបណ្តាញសង្គមជាច្រើនក៏បានជឿថាជាកូនរបស់លោក និង គូស្នេហ៍ពិតមែន ។
គួរបញ្ជាក់ថា បើទោះជាលោក ខេម មិនបានបើកបង្ហាញមុខជាសាធារណៈពីគូស្នេហ៍របស់លោកពិតមែន ប៉ុន្តែរូបភាពរបស់ម្ចាស់បេះដូងរបស់តារាចម្រៀងប្រុសរូបនេះ ក៏ធ្លាប់បានចែកចាយជាច្រើនមកដែរ ក៏ព្រោះតែមិត្តក្នុងសង្គមសិល្បៈបានស្គាល់រូបនាងរួចហើយ ។
លើសពីនោះថ្មីៗនេះ លោក ខេម ក៏បានបញ្ជាក់ពីមូលហេតុក្នុងការធ្វើដំណើរទៅកាន់ប្រទេសបារាំងដោយស្ងប់ស្ងាត់ដែរ ដោយសារលោកមានធុរៈធ្វើនៅទីនោះ ពោលគឺគោលបំណងធំបំផុត គឺលោកត្រូវនាំគូដណ្តឹងទៅលេងសាច់ញាតិ ព្រោះនាងខានបានទៅប្រទេសបារាំងវិញ ២ ឆ្នាំ ហើយ ។ រីឯធុរៈបន្ទាប់គឺលោកត្រូវទៅមើលហាងមួយកន្លែងនៅប្រទេសបារាំងដែលគេប្រកាសលក់ ដោយលោកអាចនឹងចូលហ៊ុនរកស៊ីជាមួយបងប្រុសរស់នៅទីនោះ និង ធុរៈសំខាន់មួយទៀត គឺលោកត្រូវឆែកសុខភាព នៅក្នុងប្រទេសបារាំងមួយឆ្នាំម្តង ។
ក្រោយពីការបង្ហោះនូវ គោលដៅសំខាន់ៗ ដែលលោក ខេម ត្រូវហោះហើរទៅកាន់ប្រទេសបារាំងខាងលើនេះដែរ អ្វីដែលកាន់តែធ្វើឱ្យអ្នកគាំទ្ររបស់លោកមានការចាប់អារម្មណ៍នោះ គឺលោកបានបញ្ជាក់ថា នាំគូដណ្តឹងទៅលេងសាច់ញាតិ ដែលពាក្យនេះពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកអ្នកគាំទ្រធ្លាប់បានដឹងថា នារីរូបស្អាតត្រឹមជាសង្សារបស់លោក តែការពិតអ្នកទាំង ២ បានភ្ជាប់ពាក្យប្តូរងារជាគូដណ្តឹងនឹងគ្នាតាំងពីពេលណាមិនដឹង ៕