សំណាងណាស់! លោក អៀង ស៊ីធុល សម្រាកឈឺវះកាត់នៅអាមេរិករាប់ឆ្នាំ គឺបានកូនប្រុស និង កូនប្រសាស្រីរ៉ាប់រងមើលថែ
កាលពីពេលកន្លងទៅ មហាជនអ្នកគាំទ្រវីរសិល្បករ លោក អៀង ស៊ីធុល ហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីទទួលបានដំណឹងពីស្ថានភាពជំងឺបេះដូងរបស់លោក រហូតឈានដល់ការវះកាត់នៅឯក្រៅប្រទេស ដែលជាហេតុធ្វើឱ្យលោកបានបាត់មុខពីសិល្បៈអស់ជាច្រើនឆ្នាំនោះ ។
បើតាមការឱ្យដឹងកន្លងមកនេះ តារាសម្តែងជើងចាស់លោក អៀង ស៊ីធុល បានធ្លាក់ខ្លួនឈឺធ្ងន់រ៉ាំរ៉ៃដោយជំងឺបេះដូងញាំញីជាយូរមកហើយ ពោលគឺតាំងឆ្នាំ ២០០៧ មកម្ល៉េះ ហើយកន្លងមកលោកក៏ធ្លាប់ទទួលបានការព្យាបាលអស់ជាច្រើនដងផងដែរ ប៉ុន្តែហាក់មិនបានធូរស្រាល ។
ដោយសារមូលហេតុខាងលើនេះហើយ ទើបកាលពីកន្លងទៅនេះ លោក អៀង ស៊ីធុល ក៏ត្រូវគេបានបញ្ជូនទៅព្យាបាល និង តាមដានជំងឺនៅឯទឹកដីសហរដ្ឋអាមេរិកវិញម្តង ក្នុងមន្ទីរពេទ្យមួយក្នុងទីក្រុងប៊ូស្តុន ដោយមានធានាទៅរស់នៅដោយកូនប្រុសបង្កើត និង កូនប្រសារស្រី រីឯការមើលថែទាំសព្វគ្រប់បែបយ៉ាងពីកូនប្រសាស្រីដ៏មានគុណធម៌ ដែលជាគ្រូពេទ្យនៅទីនោះផងដែរ ។
បើតាមការបញ្ជាក់បន្ថែមពីអ្នកជិតស្និទ្ធនឹងដន្លងរបស់លោក អៀង ស៊ីធុល បានប្រាប់មកកាន់ «ប្រជាប្រិយ» ឱ្យដឹងថា កន្លងមកគឺកូនប្រុសបង្កើត និង កូនប្រសាស្រីជាគ្រូពេទ្យរបស់លោក អៀង ស៊ីធុល ដែលកំពុងរស់នៅសហរដ្ឋអាមេរិកនោះ គឺបានធានាលោក អៀង ស៊ីធុល និង ភរិយារបស់លោក ទៅរស់នៅទីនោះ ។ ក្រោយមក ដោយលោកមានជំងឺ និង អាការធ្ងន់ធ្ងរផង លោក អៀង ស៊ីធុល ត្រូវបានទទួលការព្យាបាល និង វះកាត់នៅទីនោះ ដោយឥតគិតថ្លៃ តាមរយៈលក្ខខណ្ឌពិសេសរបស់កូនប្រសាស្រី ដែលជាគ្រូពេទ្យនៅទីនោះ ។
តាមប្រភពខាងលើដដែលបានបន្ថែមទៀតថា បច្ចុប្បន្នលោក អៀង ស៊ីធុល បានធ្វើការវះកាត់ដោយជោគជ័យ នៅមន្ទីរពេទ្យមួយកន្លែងក្នុងក្រុងប៊ូស្តុន ហើយពេលនេះលោកត្រូវបានបញ្ជូនមកស្នាក់នៅ និង មើលថែស្ថានភាពជំងឺបន្តទៀត នៅឯមន្ទីរពេទ្យមួយកន្លែងទៀត នៅក្នុងក្រុងឡូវែល ។
អ្វីដែលធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ពីសុខទុក្ខនៃជំងឺ និង ការរស់នៅរបស់វីរសិល្បករវ័យ ៦៣ ឆ្នាំ ខាងលើនោះ គឺមិនត្រឹមតែការដឹងគុណពីកូនប្រុសបង្កើតរស់នៅទីនោះទេ គឺមានការមើលថែដឹងគុណយ៉ាងខ្លាំងក្លាពីសំណាក់កូនប្រសាស្រីរបស់លោក អៀង ស៊ីធុល ដែលជាគ្រូពេទ្យ ដោយកូនប្រសាស្រីរូបនេះ បានខិតខំស្វះស្វែងធានាឪពុកក្មេកសព្វគ្រប់បែបយ៉ាង មិនថាការស្នាក់នៅ ការព្យាបាលជំងឺនោះទេ ពោលគឺពិតជាមានសន្តានចិត្តធម៌ ដឹងគុណអ្នកមានគុណ ដែលនឹងកម្ររកបានណាស់ ៕