សុខៗ និរ័ត្ន ពោលត្អូញត្អែរបែបនេះ ខណៈកំពុងរស់នៅឯប្រទេសអូស្ត្រាលី
មហាជនអ្នកគាំទ្រធ្លាប់បានដឹងមកហើយថា តារាចម្រៀងប្រចាំផលិតកម្មថោន នីរ័ត្ន បានចាកចេញទៅរស់នៅប្រទេសអូស្ត្រាលី ជាមួយនឹងស្វាមីរយៈពេលប្រមាណជា ៣ ឆ្នាំ មកហើយ ។
ក្នុងនោះ គេបានដឹងថាម្ចាស់បទ «វ៉ល់ៗ» បានភ្ជាប់ពាក្យកាលពីកំឡុងដើមខែកក្កដា ឆ្នាំ ២០១៨ និង ចាកចេញទៅរៀបការនៅស្រុកកំណើតរបស់ស្វាមី ឯប្រទេសអូស្ត្រាលីកាលពីដើមឆ្នាំ ២០១៩ ព្រមទាំងទទួលបានកូនប្រុសដ៏ស្រស់ស្អាតមួយរូបនៅដើមខែធ្នូ ឆ្នាំ ២០១៩ ដូចគ្នា ។
គេចាំបានថា ក្រោយបានចាកចេញទៅកាន់ប្រទេសអូស្ត្រាលីដំបូងៗ និរ័ត្ន ក៏បន្តចេញបទចម្រៀងថ្មីៗនៅក្នុងផលិតកម្មថោនដូចដើម ហើយនាងក៏ធ្លាប់បានប្រាប់ «ប្រជាប្រិយ» ដែរថា នាងនៅតែបន្តអាជីពជាតារាចម្រៀងដដែល នៅពេលដែលវិលត្រលប់មកស្រុកកំណើតវិញ ។
យ៉ាងណាក៏ដោយ រយៈពេលប្រមាណជា ៣ ឆ្នាំ នៅលើទឹកដីអូស្ត្រាលី និរ័ត្ន ក៏មិនទាន់បានវិលត្រលប់មកកាន់ស្រុកកំណើតវិញម្តងណាឡើយ បើទោះជាមានគម្រោងមកលេងជាច្រើនលើកច្រើនសា តែត្រូវខកខានព្រោះជំងឺកូវីដ-១៩ ។
ដោយឡែក ស្របពេលមិនទាន់បានវិលមកកាន់ប្រទេសកម្ពុជា ចេញបទចម្រៀងថ្មី និង កាន់ក្បាលមៃក្រូឡើងឆាកដូចមុន ស្រាប់តែ និរ័ត្ន បានសម្រេចចិត្តចាប់យកការងារយ៉ាងសាមញ្ញមួយនៅឯអូស្ត្រាលី ខុសប្លែកពីការងារក្នុងអាជីពជាអ្នកសិល្បៈយ៉ាងខ្លាំង ។ ការងារនោះ បើទោះជាតារាចម្រៀងស្រីរូបនេះ មិនបានបញ្ជាក់ថាជាការងារអ្វី តែ និរ័ត្ន បានឱ្យដឹងថា នាងត្រូវចំណាយពេល ១០ ម៉ោង ក្នុងមួយថ្ងៃ ឆ្ងាយពីកូនប្រុសសំណព្វចិត្តរបស់ខ្លួន ៕