កៅ សីហា អ្នកដឹកនាំល្បីនៅហង្សមាស ប្រែស្គមខ្លាំង មហាជនលាន់មាត់បែបនេះគ្រប់គ្នា
ថ្មីៗនេះ មហាជនអ្នកគាំទ្រនិយមតាមដានរឿងរ៉ាវរបស់អ្នកដឹកនាំល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក កៅ សីហា ដែលមានស្នាដៃជាច្រើនក្នុងការដឹកនាំ MV និង រឿង «រាជនីភូមិគ្រិះ» ជាដើមនោះ កំពុងតែធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មិត្តភក្តិក្នុង និង ក្រៅរង្វង់សិល្បៈមានការចាប់អារម្មណ៍ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះលោកហាក់ស្រកគីឡូខ្លាំងជាងមុន ។
តួយ៉ាងមួយរយៈក្រោយនេះ លោក កៅ សីហា បានបង្ហោះរូបភាពស្រកគីឡូជារឿយៗនៅលើគណនីហ្វេសប៊ុក ដោយមើលទៅទម្ងន់មិនតិចនោះទេដែលលោកបានស្រក ដែលអាចប្រមាណជា ១០ គីឡូ ក៏ថាបាន ។
យ៉ាងណាមិញ អ្វីដែលកាន់តែធ្វើឱ្យអ្នករាល់គ្នាមានភាពភ្ញាក់ផ្អើលខ្លាំង រហូតដល់មានការបារម្ភសុខទុក្ខដល់លោក កៅ សីហា នោះ ព្រោះរូបភាពចុងក្រោយលោកបានបង្ហោះនៅយប់ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ គឺអ្នកដឹកនាំរូបនេះមានរូបរាងស្គមស្គាំងខ្លាំងមែនទែន ។
រូបភាពមួយសន្លឹកស្គមខ្លាំង លោក កៅ សីហា ពាក់អាវរឹបរាងក្រឡេក្រឡា និង ខោខូវប៊យឃើញមាឌល្អិតខ្លាំងនោះ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកលាន់មាត់ស្ទើរដូចៗគ្នាគ្រប់គ្នាថាលោកស្គមម្ល៉េះ? ឈឺ ឬ យ៉ាងណា ? ធ្វើយ៉ាងណាបានស្គម? ហើយភ្លាមៗ ម្ចាស់សាមីខ្លួនមិនបង្អង់យូរក៏ឆ្លើយតបវិញដែរ ដោយរាល់សំណួរលោក កៅ សីហា បានឱ្យដឹងថា លោកមិនឈឺអ្វីនោះទេ គឺលោកគ្រាន់តែចង់ស្គមជាងមុន ទើបសម្រកទម្ងន់ ។ ក្នុងនោះ លោក កៅ សីហា ក៏ប្រាប់បន្ថែមថាទម្ងន់លោកពេលនេះ ៧២ គីឡូក្រាម ៕