កាន់តែក្តៅ! នារីៗរងគ្រោះ ២៦ នាក់ទៀតហើយ នាំគ្នាចេញមុខហែកកេរិ៍្ត Kris ពាក់ព័ន្ធរឿងអាស្រូវ
នៅមិនទាន់ស្ងប់ស្រួលបួលនៅឡើយទេ ពីរឿងអាស្រូវដ៏ស្លឈាមក្តៅគគុកថ្មីៗនេះរបស់លោក Kris Wu ដែលត្រូវបានគេចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទមិនគប្បី ទៅលើអតីតមិត្តស្រី និង ក្មេងស្រីមិនទាន់គ្រប់អាយុ ។
ក្នុងនោះដែរ Kris ក៏បានមកចេញមុខមកអះអាងបដិសេធរួចរាល់ពីភាពស្អាតស្អំរបស់ខ្លួនហើយ ប៉ុន្តែមើលទៅការអះអាងនេះមិនមានភ្ជាប់ជាមួយភស្តុតាងណាមួយនោះឡើយ ដែលអាចបញ្ជាក់ពីភាពស្អាតស្អំរបស់លោកឱ្យកាន់តែច្បាស់នោះ ។
ដោយសារការអះអាងគ្មានភស្តុតាង បានធ្វើឱ្យមហាជនទាំងនៅប្រទេសចិន ក៏ដូចជាក្រៅប្រទេស នៅតែមានភាពហួសចិត្តខឹងសម្បា ហើយម្នាក់ៗព្យាយាមវែកញែកទៅលើរឿងនេះទៅតាមការយល់ឃើញរបស់ខ្លួន ដោយអ្នកខ្លះក៏បានព្យាយាមកាន់ជើងបុរសសង្ហារូបនេះ ឯអ្នកខ្លះទៀតក៏បានព្យាយាមទាមទារយុត្តិធម៌ឱ្យជនរងគ្រោះ ទោះមិនទាន់ដឹងសេចក្តីសខ្មៅយ៉ាងណាក្តីក៏ដោយ ។
ដោយឡែក ខណៈរឿងអាស្រូវនេះកាន់តែក្តៅគគុក គេក៏ចាប់ផ្តើមឃើញនារីៗរងគ្រោះចំនួន ២៦ នាក់ទៀត បានតម្រង់ជួរគ្នាចេញមុខមកហែកកេរិ៍្តប្រុសស្អាតខាងលើដោយមិនសំចៃដៃឡើយពីករណីជាច្រើន មានទាំងគ្រឿងញៀន និង ការរំលោភបំពានផ្លូវភេទ ព្រមទាំងអាកប្បកិរិយាមិនគប្បីជាច្រើនទៀត ដោយពួកគេភ្ជាប់មកជាមួយនឹងភស្តុតាងជាសារការសន្ទនាក្នុងទូរស័ព្ទផងដែរ ។
ក្នុងចំណោមនារីៗទាំងនោះ គេឃើញភាគច្រើនសុទ្ធតែជាតារា Influencer ល្បីៗប្រចាំប្រទេសថែមទៀតផង ដែលធ្វើឱ្យការផុសចោទប្រកាន់ នៅបណ្តាញសង្គមរបស់ពួកគេ កាន់តែទទួលបានការចែកចាយកាន់តែច្រើន ។
យ៉ាងណាមិញ មកទល់ពេលនេះ នៅមិនទាន់មានការពិតណាមួយត្រូវបានរកឃើញ ឬ បកស្រាយនៅឡើយទេ ពីភាគីទាំងសងខាង តែ Kris កំពុងតែត្រូវបានក្រុមហ៊ុនប្រ៊េនធំទាំង ១៤ នៅប្រទេសចិន បានតម្រៀបគ្នាផ្តាច់កុងត្រាជាបណ្តើរៗហើយ ដោយមិនរង់ចាំមើលសខ្មៅឡើយ ៕
ប្រភព៖ Jaynestar