
ចិត្តមិនដាច់មែន! ដឹងថា Taew ឆ្លងជំងឺកូវីដ-១៩ ភ្លាម Ton ប្រញាប់ចេញមកធ្វើរឿងនេះភ្លែត
កាលពីល្ងាចថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅនេះ មហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែងស្រី Taew Natapohn ចេញមកបង្ហោះពីលទ្ធផលតេស្តលើកចុងក្រោយរបស់ខ្លួនដោយ រកឃើញឆ្លងជំងឺកូវីដ-១៩ ។
វាពិតជាមិនគួរឱ្យជឿសោះ សម្រាប់តារាស្រីរូបនេះ អំពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដោយហេតុថានាងបានឆ្លងកាត់ការធ្វើតេស្ត និង ធ្វើចត្តាឡីស័ក ជាច្រើនសាណាស់មកហើយ ។ អ្វីដែលរឹតធ្វើឱ្យ Taew កាន់តែឆ្ងល់ទៀតនោះ គឺនាងមិនដឹងថាខ្លួនឯងបានឆ្លងមកពីណានោះឡើយ ទាំងដែលនាងបានទទួលការចាក់វ៉ាក់សាំង Sinovac ចំនួន ២ ដូសរួច ។ ជាពិសេស នាងតែងតែនៅផ្ទះ ពុំដែលចេញទៅណាឡើយ លើកលែងតែទៅពិនិត្យសុខភាពតាមការណាត់ពីគ្រូពេទ្យប៉ុណ្ណោះ ។
ជាមួយគ្នានោះ បន្ទាប់ពីដឹងថា តារាស្រី Taew ឆ្លងជំងឺកូវីដ-១៩ ភ្លាម ក្នុងនោះគេ ក៏ឃើញហ្វេនៗ មិត្តសិល្បករ ជាច្រើនបានចូលទៅខមមិនផ្ដល់កម្លាំង និង ផ្ញើសារជូនពរឱ្យនាងឆាប់ជាយ៉ាងច្រើនព្រោងព្រាតផងដែរ ។
មិនត្រឹមប៉ុណ្ណោះ បើងាកទៅមើលកំលោះរូបសង្ហា Ton ដែលជាអតីតសង្សារតារាស្រី Taew ឯណោះវិញ ហាក់មិនដែលដាច់ចិត្តពី Taew សោះឡើយ គ្រាន់តែដឹងថា អតីតសង្សារមានទុក្ខភ្លាម Ton ក៏បានផ្ញើសារផ្ដល់កម្លាំងចិត្តភ្លែតតែម្ដង ។ ក្នុងសារនោះដែរ Ton បានសរសេរថា «សូមឱ្យជាសះស្បើយឆាប់ៗណា» ។
បន្ទាប់ពីឃើញសារដ៏មានអត្ថន័យរបស់ Ton ដែលផ្ញើជូនពរ Taew មក មហាជនម្នាក់ៗហាក់លួចសរសើរទឹកចិត្តរបស់ Ton ដែលនៅតែបារម្ភ និង ខ្វាយខ្វល់ពី Taew ដដែល ទាំងដែលពេលនេះពួកគេលែងមានទំនាក់ទំនងជាមួយគ្នាហើយនោះ ៕