ឈប់ពីសិល្បៈ Flora Chan អតីតតារាសម្តែង TVB ប្រែជីវិតក្លាយគ្រូបង្រៀនភាសាអង់គ្លេស
នៅចុងឆ្នាំ ១៩៩០ និង ក្នុងឆ្នាំ ២០០០ តារាសម្ដែងស្រីហុងកុង Flora Chan ជាតារាស្រីដ៏មានប្រជាប្រិយភាពម្នាក់របស់ប៉ុស្តិ៍ទូរទស្សន៍ TVB ដែលធ្លាប់លេចមុខក្នុងរឿង «Triumph In The Skies», «Family Man» និង «Feminine Masculinity» ជាដើម ។
អតីតតារាសម្ដែងស្រីរបស់ទូរទស្សន៍ TVB រូបនេះ ដើមឡើយអ្នកស្រីបានផ្អាកពី showbiz ក្រោយពីរៀបការនៅឆ្នាំ ២០០៦ និង មានកូនស្រីម្នាក់ជាចំណងដៃ ។ ក្នុងឆ្នាំ ២០១២ អ្នកស្រីបានវិលត្រឡប់ចូលក្នុងសិល្បៈកម្សាន្តរបស់ហុងកុងវិញ ដោយមានមុខតំណែងជាអ្នកផលិត ធ្វើការក្នុងសិល្បៈរយៈពេល ៣ ឆ្នាំ ។
បច្ចុប្បន្នអតីតតារាសម្ដែងវ័យ ៥១ ឆ្នាំ អ្នកស្រី Flora Chan ត្រូវបានអ្នកលេងអ៊ីនធឺណេតប្រទះឃើញឈ្មោះ និង រូបថតដែលបានបង្ហោះនៅលើគេហទំព័រផ្លូវការរបស់មជ្ឈមណ្ឌលបណ្តុះបណ្តាលភាសាអង់គ្លេសនៅទីក្រុងសិនជិន ប្រទេសចិន ក្នុងនាមជាសាស្ត្រាចារ្យម្នាក់ ។ ដោយសារតែអ្នកស្រី ធ្លាប់មានបទពិសោធជាពិធីការិនី សម្រាប់កម្មវិធីនិយាយជាភាសាអង់គ្លេសរបស់ TVB ។
យោងតាមការចុះផ្សាយចេញពី Jayne stars បានឱ្យដឹងថា អតីតតារាសម្ដែងរូបនេះ បានផ្លាស់ប្តូរយ៉ាងខ្លាំងសូម្បីតែជីវភាពប្រចាំថ្ងៃក៏មានការខ្វះខាត ប៉ុន្តែមហាជនដែលធ្លាប់បានស្គាល់អ្នកស្រី បានកោតសរសើរចំពោះការតស៊ូព្យាយាមរបស់គាត់ ដោយបោះបង់អាជីពសិល្បៈ ហើយចាប់ផ្តើមការងារថ្មី មានភាពខុសគ្នាទាំងស្រុង ៕