ពិធីករកូរ៉េល្បីឈ្មោះ Yoo Jaesuk កំពុងស្រវាទៅក្រុមហ៊ុនថ្មី ឯតម្លៃខ្លួនវិញ អ្នកចាយល្មមៗបានមួយជីវិត
តារាកំប្លែង និងពិធីករទូរទស្សន៍ដ៏ល្បី លោក Yoo Jaesuk សម្រេចមិនបន្តកុងត្រាជាមួយនឹង FNC Entertainment ដែលជាទ្រនំដំបូងធ្លាប់ធ្វើការរូមគ្នារយៈពេល ៦ឆ្នាំទៀតនោះទេ។ បន្ទាប់ពីកិច្ចសន្យារបស់លោកក្នុងក្រុមហ៊ុននេះ នឹងផុតកំណត់នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២១។
បច្ចុប្បន្ននេះតារាប្រុសវ័យ ៤៨ឆ្នាំរូបនេះបានបញ្ជាក់ថាខ្លួន កំពុងពិភាក្សាជាមួយ Kakao Entertainment សម្រាប់កិច្ចសន្យាផ្តាច់មុខ។ ហើយអ្នកតំណាងមកពីភ្នាក់ងារខាងលើបានបង្ហើបដូចគ្នាថា «ពួកយើងកំពុងពិភាក្សាគ្នាប៉ុន្តែមិនទាន់បញ្ជាក់បានទេ»។
បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េ OSEN បានឱ្យដឹងថាលោក Yoo Jaesuk បច្ចុប្បន្នកំពុងពិភាក្សាក្នុងកិច្ចសន្យាផ្តាច់មុខដែលមានតម្លៃប្រមាណ ១០ ពាន់លានវ៉ុន ស្មើនឹង ៨,៨ លានដុល្លារអាមេរិក។ ដោយក្នុងកិច្ចសន្យានេះតម្រូវឱ្យលោកស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុនរយៈពេល ៣ឆ្នាំ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន លោក Yoo Jaesuk គឺជាពិធីករកាន់កម្មវិធី «Hangout with Yoo» របស់ទូរទស្សន៍ MBC និងកម្មវិធី «Running Man» របស់ទូរទស្សន៍ SBS ក៏ដូចជាទូរទស្សន៍ tvN ក្នុងកម្មវិធី «You Quiz on the Block» និង «Sixth Sense» ជាដើម៕
ប្រភព៖ Kstarlive