ស្ពាយឈ្មោះមេម៉ាយកូន ១ មែន តែតារាស្រីទាំងនេះ រឹងមាំខ្លាំងមិនផ្ដេកផ្ដួលលើព្រេងវាសនាឡើយ
មនុស្សម្នាក់ៗកើតមកក្នុងលោកនេះ ពុំមាននរណាម្នាក់កើតមកប្រាថ្នាជីវិតព្រាត់ប្រាស់នោះឡើយ គឺគ្រប់គ្នាតែងតែប្រាថ្នាជីវិតដែលល្អ មានសុភមង្គល ពោលគឺរួមសុខរួមទុក្ខជាមួយគ្នាលុះគ្រាអវសាន្ត តែយ៉ាងណាជីវិតគូអាចនិយាយបានថាមិនទៀតនោះឡើយ ពេលខ្លះកាលដែលចាប់ដៃគ្នាហើយ បើរស់នៅមិនចំសម្រុងនឹងគ្នា រមែងអីនឹងមានបែកបាក់ចែកផ្លូវគ្នាវិញ ទោះបីមានកូនទៅហើយក្តី ។
យ៉ាងណាមិញ បើក្រឡេកទៅមើលជីវិតតារាស្រីល្បីៗ ៥ រូប ក្នុងចង្កោមសិល្បៈខ្មែរយើងវិញ ក្រោយពីបានស្វែងរកដៃគូត្រូវចិត្តរហូតឈានដល់រៀបការ និង ទទួលបានកូនជាចំណងដៃហើយក្តី ប៉ុន្តែដោយសារការរស់នៅមិនចុះសម្រុងនឹងគ្នា ក៏បានសម្រេចចិត្តចែកផ្លូវគ្នាវិញ យ៉ាងនឹងស្មានមិនដល់ ។ ទោះជាត្រូវស្ពាយឈ្មោះជាស្ត្រីមេម៉ាយ និង មានកូនក្នុងបន្ទុកក្តី ប៉ុន្ដែតារាស្រីទាំងនេះ នៅតែរឹងមាំតស៊ូរស់បាន ហើយថែមទាំងថែសម្រស់បានយ៉ាងល្អ ដោយមិនចាំបាច់ពឹងព្រេងវាសនាមនុស្សប្រុសជាខ្នងបង្អែកជីវិត ក៏អាចមានសេចក្តីសុខបានដែរ ។
១. សុខ សោម៉ាវត្តី
តារាសម្ដែងស្រី សុខ សោម៉ាវត្តី គឺជាស្ត្រីមេម៉ាយកូន ១ ដែលបានប្រើជីវិតជាស្ត្រីរឹងមាំ ប្រឹងប្រែងធ្វើការសាងសុភមង្គលជាមួយកូនស្រីសំណព្វចិត្ត ។ មិនត្រឹមប៉ុណ្ណោះពេលនេះ នាងកំពុងតែមានទីផ្សារខ្លាំងនៅក្នុងវិស័យសិល្បៈ បើទោះបីជារូបនាងមានឈ្មោះជាស្រ្តីមេម៉ាយ និង ថែមទាំងមានកូនធំចង់ទន្ទឹមខ្លួនហើយពិតមែន តែយ៉ាងណារូបសម្រស់របស់នាងនៅតែស្រស់ស្អាតខ្លាំងដដែលមិនចាញ់កាលនៅក្រមុំឡើយ ។
២. ភិន សុដាលីស
ងាកមកមើលអ្នកមេម៉ាយវ័យក្មេងកូន ១ ភិន សុដាលីស ឯណោះវិញ នាងជាម្តាយម្នាក់ដែលមើលថែកូន មិនឱ្យខ្វះចន្លោះអ្វីឡើយ ជាពិសេសចាប់តាំងពីបែកបាក់ជីវិតគូមក នាងហាក់បីមិនតូចចិត្តអ្វីឡើយ មានតែពាក្យថាស៊ូប៉ុណ្ណោះ ។ ជាមួយគ្នានេះ ទោះបីជាត្រូវមើលថែកូនស្រីតែម្នាក់ឯង ណាការងារសិល្បៈ និង ការងារមុខជំនួញផ្ទាល់ខ្លួនមមាញឹកយ៉ាងណាក្ដី តែនាងក៏មិនភ្លេចមើលថែសម្ផស្សឱ្យនៅតែក្មេងស្អាតដែរ ។
៣. លី ចាន់សីហា
បើនិយាយពីតារាស្រីល្បីឈ្មោះតួកម្សត់ លី ចាន់សីហា វិញ ចាប់តាំងពីសម្រេចចិត្តលះលែងជាមួយអតីតស្វាមី តារាសម្ដែងរូបនេះ ត្រូវបំពេញតួនាទីជាឪពុកផង និង ជាម្តាយផង ក្នុងការមើលថែកូនស្រីសំណព្វចិត្ត ហើយនាងក៏ជាស្ត្រីម្នាក់ដែលរឹងមាំដែរ ។ កន្លងមកមហាជនតែងកោតសរសើរថានាងគឺជាអ្នកជំនួញស្រីវ័យក្មេងដែលមានទាំងរូបសម្រស់ និង សមត្ថភាព ។
៤. ទូច ស្រីល័ក្ខ
ទាក់ទងនឹងតារាសម្ដែង និង ចម្រៀង ទូច ស្រីល័ក្ខ ក៏មិនខុសអីពីអ្នកមេម៉ាយខាងលើប៉ុន្មានដែរ អ្នកមេម៉ាយកូនមួយរូបនេះ ជានារីតស៊ូ ប្រឹងប្រែង មិនផ្ដេកផ្ដួល ពាក្យថាមេម៉ាយឡើយ ។ ដូចគ្នានេះ នាងក៏មានរូបសម្រស់ស្រស់ស្អាតមិនធម្មតាដែរ ដោយជាញឹកញាប់ ទូច ស្រីល័ក្ខ តែងបង្ហាញពីភាពស្រស់ស្អាត និង រាងស្រឡូនជាមួយនឹងក្បាលពោះរាបស្មើដែលជាទីប្រាថ្នារបស់នារីជាច្រើន ។
៥. ស៊ុំ សុម៉ាលី
ទោះបីជាមេម៉ាយមែន តែតារាសម្ដែងសាច់សខ្ចីរូបនេះ មិនរួញរារឿងជីវិតដែរ ម៉្ងៃៗខិតខំប្រឹងប្រែងធ្វើការងារមិនដែលរអ៊ូឡើយ មិនត្រឹមប៉ុណ្ណោះនាងក៏ពូកែថែរក្សាសម្រស់ណាស់ដែរ គេសង្កេតឃើញចាប់តាំងពីចែកផ្លូវគ្នាជាមួយអតីតស្វាមីមក ស៊ុំ សុម៉ាលី កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ ៕