បង្ហាញមុខសិល្បករ-ការិនីជំនាន់ក្រោយ ៤ រូប ល្បីរន្ទឺខ្លាំងផ្នែកចាប៉ីដងវែង
មហាជនកម្ពុជា ប្រាកដជាបានដឹងច្បាស់មកហើយពីឧបករណ៍តន្ត្រីបុរាណ «ចាប៉ីដងវែង» ត្រូវបានដាក់បញ្ជូលក្នុងបញ្ជីកេតិកភណ្ឌអរូបីនៃមនុស្សជាតិកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងមកនោះ ។
បើក្រឡេកទៅមើលសិល្បករជើងចាស់ ចាប៉ីដងវែង ជាច្រើនរូបមានដូចជា ព្រឹទ្ធាចារ្យ គង់ ណៃ ព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន ព្រឹទ្ធាចារ្យ ពូថៅ ព្រឹទ្ធាចារ្យ ចង្កូម ប្រាំបី ព្រឹទ្ធាចារ្យ នេត ប៉េ ព្រឹទ្ធាចារ្យ ម៉ម សុន ព្រឹទ្ធាចារ្យ អ៊ិន សារុន ព្រឹទ្ធាចារ្យ ងាំ ង៉ូ ព្រឹទ្ធាចារ្យ សួន សាន និង ព្រឹទ្ធាចារ្យ គុយ ហ៊ីន ជាដើម ដែលបច្ចុប្បន្ននេះមានព្រឹទ្ធាចារ្យខ្លះបានទទួលមរណភាព ខ្លះបានចាស់ជរាចូលនិវត្តន៍ ហើយខ្លះទៀតក៏នៅបន្តលេង ចាប៉ីដងវែង ដូចដើម ។ យ៉ាងណាក៏ដោយ ព្រឹទ្ធាចារ្យល្បីៗទាំងនោះក៏បានហ្វឹកហាត់បង្រៀនកូនសិស្សជាច្រើនរូប ឱ្យបន្តថែរក្សាមរតកកេរ្តិ៍តំណែល ចាប៉ីដងវែង នេះដល់សិល្បករជំនាន់ក្រោយផងដែរ ។
ថ្ងៃនេះ «ប្រជាប្រិយ» នឹងលើកយកនូវសិល្បករ-ការិនី ចំនួន ៤ រូប ដែលមានជំនាញលើវិថីសិល្បៈផ្នែកបុរាណ ជាពិសេសនោះមានកេរ្តិ៍ឈ្មោះផ្នែក ចាប៉ីដងវែង ល្បីរន្ទឺទៀតផង ៖
១- លោកស្រី អ៊ូច សាវី
សិល្បការិនី អ៊ូច សាវី បានចាប់ផ្តើមចូលប្រឡូកវិស័យសិល្បៈបុរាណដំបូងនៅឯសាលាវិចិត្រសិល្បៈ នៅឆ្នាំ ២០០២ ដោយមានការជំរុញពីឪពុកម្តាយ ដែលជាសិល្បករផ្នែកអាយ៉ៃ ។ ក្រោយមកនៅឆ្នាំ ២០០៣ ដោយការជំរុញបន្ថែម លោកស្រីក៏បានចាប់ផ្តើមរៀនឧបករណ៍តន្ត្រីបុរាណចាប៉ីដងវែង ដោយមានព្រឹទ្ធាចារ្យ គង់ ណៃ ជាគ្រូ ។ បច្ចុប្បន្ន ក៏ជាសិល្បការិនីផ្នែកបុរាណ និង ចាប៉ីដងវែង ជាស្ត្រីល្បីឈ្មោះមួយរូប ។
២ – លោក សាន សុវណ្ណឌឿន
សិល្បករចាប៉ីដងវែង លោក សាន សុវណ្ណឌឿន គឺជាកូនសិស្សរបស់ព្រឹទ្ធាចារ្យ នេត ប៉េ ។ លោកបានចាប់ផ្តើមរៀនឧបករណ៍បុរាណនេះ នៅឆ្នាំ ២០០៣ បណ្តើរ និង ធ្វើការផ្សេងៗដើម្បីផ្គត់ផ្គង់ជីវភាពបណ្តើរ ។ ក្រោយពីរៀនពីគ្រូ និង មិត្តភក្តិ លោក សាន សុវណ្ណឌឿន ក៏មានឱកាសបង្ហាញវត្តមានលើកញ្ចក់ទូរទ្សន៍ និង សាងកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃ ។
៣- លោក ដួង សុខគា
លោក ដួង សុខគា មុននឹងឈានក្លាយជាសិល្បករផ្នែក ចាប៉ីដងវែង នោះ គឺលោកបានចូលប្រឡូកក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយដោយធ្វើជាអ្នកសារព័ត៌មាន និង DJ នៅវិទ្យុស្រ្តីកម្ពុជាអស់រយៈពេល ១០ឆ្នាំ ។ បន្ទាប់មក ដោយសារការស្រឡាញ់លោកបានរៀនចេះច្រៀងចាប៉ី ដោយសារលោកគ្រូ នេត ប៉េ ហើយក៏ដោយសារមានគ្រូសិល្បៈដទៃទៀតជួយតម្រែតម្រង់បន្ថែមទៀត ។
៤- លោក ពេជ សារ៉ាត
តន្ត្រីករចាប៉ីដងវែង លោក ពេជ សារ៉ាត គឺជាកូនសិស្សលោកព្រឹទ្ធាចារ្យ គង់ ណៃ ហើយលោកបានចាប់អាជីពច្រៀងចាប៉ីក្នុង ឆ្នាំ ២០០៧ ។ ដោយក្តីស្រឡាញ់ និង មានឆន្ទៈលើកស្ទួយអភិរក្សចាប៉ីដងវែង លោក ពេជ សារ៉ាត ក៏បានបង្កើតសមាគន៍មួយមានឈ្មោះថា ចាប៉ីអមតៈ និង បានបង្រៀនជំនាញនេះដល់យុវជនជំនាន់ក្រោយទៀតផង ៕