ដំបូងៗស្រឡាញ់គ្នាខ្លាំង ចុងក្រោយកំពូលតារា ៥ គូនេះ ប្រកាសចែកចានចែកឆ្នាំងគ្នាយ៉ាងកក្រើក
ដូចដែលមហាជន ក៏ដូចជាអ្នកគាំទ្រទាំងក្នុងទាំងក្រៅប្រទេសបានជ្រាបមកហើយថា មានតារាកូរ៉េប្រុសស្រីជាច្រើនរូបជាមិត្តរួមអាជីព បានស្និទស្នាលជាមួយគ្នាតាមរយៈការសម្តែងរឿង ឬ ឡើងកម្មវិធីណាមួយជាមួយគ្នា រហូតដល់បានបង្កាត់ជាចំណងស្នេហ៍យ៉ាងផ្អែមល្ហែមបង្អួតសាធារណៈធ្វើឱ្យអ្នកគាំទ្ររមិតរមួលស្ទើរឡើងឈាម ។
ដោយឡែក ក្នុងនោះគូស្នេហ៍មួយចំនួនបានបន្តរក្សាចំណងស្នេហ៍ជាមួយគ្នាក្នុងនាមជាសង្សារទៅជារឿយៗរាប់ឆ្នាំ គូខ្លះក៏បានចែកផ្លូវគ្នា ខណៈគូខ្លះទៀតអន្ទះសារឹតចំណងស្នេហាឱ្យឈានដល់ការដឹកដៃគ្នាចូលរោងការក្លាយជាស្វាមីភរិយាស្របច្បាប់ តែចុងក្រោយបែរជាមកប្រទះភាពប្រេះឆាសម្រេចចិត្តបញ្ចប់ជីវិតប្តីប្រពន្ធយ៉ាងមិននឹកស្មាន ធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល សោកស្តាយទាំងដែលម្នាក់ៗកំពុងពេញចិត្តស្រឡាញ់ចំពោះភាពផ្អែមល្ហែមរបស់ពួកគេ ។ តោះ! សូមបង្វែរអារម្មណ៍ទស្សនិកជនមកស្គាល់គូស្នេហ៍ទាំង ៥ គូខាងក្រោមនេះ៖
១. គូស្វាមីភរិយា តារាសម្តែង Goo Hye Sun និង Ahn Jaehyun
មួយគូនេះត្រូវបានគេដឹងថា បានទាក់ទងគ្នាតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយបានបញ្ចេញជាសាធារណៈនៅខែមេសា ឆ្នាំ ២០១៦ បន្ទាប់ពីនោះមួយខែពួកគេក៏បានដឹកដៃគ្នាចូលរោងការតាមផ្លូវច្បាប់ តែមិនយូរប៉ុន្មានមកដល់ឆ្នាំ ២០១៩ ខែសីហា ក៏បានបែកធ្លាយដំណឹងលែងលះរបស់ពួកគេតែម្តង ដោយសារតែមានមូលហេតុសាំញ៉ាំជាច្រើន ។
២. គូស្វាមីភរិយា តារាសម្តែង Song Hye kyo និង Song Joong Ki
នៅក្នុងឆ្នាំ ២០១៦ បន្ទាប់បញ្ចប់ការសម្តែងរឿងភាគល្បី «Descendants of The Sun» ជាមួយគ្នា ទាំងពីរក៏បានទម្លាយឱ្យដឹងពីទំនាក់ទំនងពិតដ៏ស្អិតល្មួតរបស់ពួកគេនៅក្រៅឆាក រហូតដល់ឆ្នាំ ២០១៧ ពួកគេក៏បានរៀបអាពាហ៍ពិពាហ៍ចាប់ផ្តើមជីវិតប្តីប្រពន្ធ ប៉ុន្តែមិនយូរប៉ុន្មាននៅ ឆ្នាំ ២០១៩ ដូចជាគូមុននេះ ពួកគេបានប្រកាសលែងលះតាមបណ្តាញសង្គម បិទបាំងដោយបញ្ហាជាច្រើននៅពីក្រោយ ។
៣. គូស្នេហ៍ Se7en Park និង Park Hanbyul
ទាំងគូនេះបានទាក់ទងគ្នាតាំងពីរៀននៅវិទ្យាល័យនាឆ្នាំ ២០០២ ឯណោះ តែក្រោយពីសាងស្នេហ៍ជាមួយគ្នាអស់រយៈពេល ១២ ឆ្នាំ ពួកគេក៏បានសម្រេចចែកផ្លូវគ្នានៅឆ្នាំ ២០១៤ ហើយមកទល់ពេលនេះ ម្នាក់ៗក៏មានក្រុមគ្រួសាររៀងៗខ្លួនផងដែរ ។
៤. គូស្នេហ៍ Lee Dong Gun និង Jiyeon អតីតសមាជិកក្រុម T-ARA
មួយគូនេះមានអាយុឃ្លាតគ្នារហូតដល់ ១៣ ឆ្នាំ តែបានមកសាងស្នេហ៍ជាមួយគ្នានៅឆ្នាំ ២០១៥ ក្រោយបញ្ចប់ការថតរឿងភាគមួយជាមួយគ្នា ស្រាប់តែមកបំបែកផ្លូវគ្នានៅឆ្នាំ ២០១៧ វិញ បន្សល់ទុកត្រឹមឈ្មោះអ្នកដទៃ ។
៥. គូស្វាមីភរិយា Dongho អតីតសមាជិក U-KISS និង Kim Seehee
ក្រោយពីបានចាកចេញពី U-KISS នៅឆ្នាំ ២០១៣ Dongho ក្នុងវ័យ ២១ ឆ្នាំបានសម្រេចចិត្តចងខ្សែជីវិតជាមួយ Seehee នៅឆ្នាំ ២០១៦ ដែលធ្វើឱ្យលោកក្លាយជាតារា K-pop រៀបការនៅក្នុងវ័យក្មេងជាងគេ ហើយអ្នកទាំងពីក៏មានកូនប្រុសម្នាក់ជាចំណងដៃ តែបែរមកត្រូវលែងលះគ្នានៅឆ្នាំ ២០១៨ ទៅវិញ ៕
ប្រភព៖ Koreaboo