ក្រោយភ្លៀងមេឃស្រឡះ! ទូច ស្រីល័ក្ខ ក្រោកឈរឡើងវិញយ៉ាងរឹងមាំ ត្រៀមធ្វើរឿងភ្ញាក់ផ្អើលមួយ
កាលពីពេលកន្លងមក មហាជនអ្នកគាំទ្រតារាចម្រៀង ទូច ស្រីល័ក្ខ ប្រាកដជាបានដឹងមកហើយនូវរឿងរ៉ាវលំបាកជូរចត់មួយចំនួន បន្ទាប់ពីជីវិតអាពាហ៍ពិពាហ៍របស់នាងបានបញ្ចប់ និង រស់នៅក្នុងនាមជាមេម៉ាយត្រូវចិញ្ចឹមបីបាច់កូនប្រុសម្នាក់ឯង ។ យ៉ាងណាមិញ ថ្មីៗនេះ នាងបានបង្ហាញពីក្តីសង្ឃឹម និង ដំណើរជីវិតថ្មីក្នុងការបើកនូវមុខជំនួញផ្ទាល់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ។
ជាការពិត ដូចពាក្យចាស់ពោលថា ក្រោយភ្លៀងមេឃស្រឡះ អ្នកនាង ទូច ស្រីល័ក្ខ បានឱ្យដឹងកាលពីថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះថា ដំណើរការនៃការបើកហាងនាំចូល និង លក់ផលិតផលនម៉ាកល្បីៗ ដែលមានដូចជាកាបូប និង ទឹកអប់របស់អ្នកនាងជិតរួចរាល់ហើយ ដោយអ្នកនាងរៀបរាប់ថា «ជិតរួចរាល់ហើយ ការខំប្រឹងវាមិនអត់ប្រយោជន៍ សង្ឃឹមថាគ្រប់យ៉ាងនឹងល្អប្រសើរសម្រាប់ការងារថ្មីមួយនេះរបស់ខ្ញុំ ។ មនុស្សទំនេរពេក យកខួរក្បាលគិតតែរឿងនិយាយដើមគេ លាងគូទខ្លួនមិនទាន់ស្អាតផងនិយាយពីថាគ្របយ៉ាងគឺដឹងគ្រប់រឿង លើកលែងតែពេលបាយចូលមាត់បានស្ងាត់ មនុស្សធន់ប្រភេទនេះត្រូវរក្សារចន្លោះឱ្យឆ្ងាយ ។ បន្តិចទៀតរាល់ម៉ាកល្បីៗ ក៏ដូចជាកាបូបប្រ៊េនៗ original ទឹកអប់ដែលមានប្រភេទល្បីៗ original ពិតៗ គឺខ្ញុំនាំចូលមកខ្លួនឯងផ្ទាល់ ពីព្រោះយើងមានកន្លែងដឹកជញ្ជូនដោយផ្ទាល់របស់ខ្លួនឯង ។ យើងមានហាងអ៊ីចឹង បងប្អូននឹងអាចមកមើលដោយផ្ទាល់» ។
ក្រោយពីការបង្ហោះសារ និង រូបភាពហាងរបស់អ្នកនាង ទូច ស្រីល័ក្ខ នោះ ក៏មានមហាជន មិត្តសិល្បករជាច្រើន បានចូលរួមជូនពរដល់អ្នកនាងឱ្យរកស៊ីជោគជ័យ លើសពីនោះក៏មានអ្នកសរសើរពីអ្នកម្តាយរូបនេះ ថាពិតជារឹងមាំពិតប្រាកដមែន ៕