មេម៉ាយសាច់ខ្ចី ស៊ុំ សុម៉ាលី មិនចុះចាញ់នឹងជីវិត ប្រឹងទាល់តែថ្ងៃមួយមានពន្លឺឡើងវិញ
ចាប់តាំងពីលែងលះគ្នាជាមួយអតីតស្វាមីមក តារាសម្ដែង ស៊ុំ សុម៉ាលី បានខិតខំប្រឹងប្រែងរកស៊ីសឹងតែគ្មានពេលសម្រាក ដើម្បីចិញ្ចឹមមើលថែកូនស្រីជាទីស្រឡាញ់ ក៏ដូចជាផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងនាមជាស្រ្តីមេម៉ាយម្នាក់ ។
ដ្បិតថាត្រូវមើលថែកូនស្រីផង រកលុយផង ប៉ុន្ដែ ស៊ុំ សុម៉ាលី គឺជាស្រ្តីមេម៉ាយដ៏រឹងមាំម្នាក់ខ្លាំងណាស់ ព្រោះបើតាមសារមួយដែលតារាស្រីរូបនេះបានបង្ហោះបង្ហាញថាជីវិតនាងកំពុងជួបបញ្ហា តែនាងមិនចុះចាញ់នោះទេ បែរជាកាន់តែរឹងមាំក្រោកឈរឡើងដោយក្ដីសង្ឃឹមថា ថ្ងៃណាមួយនឹងបានជួបពន្លឺនៃភាពជោគជ័យឆាប់ៗ ។
ស៊ុំ សុម៉ាលី បានសរសេរសារយ៉ាងវែងថា «គ្មានមនុស្សណាកើតមកជោគជ័យរហូតទេ..,ហើយក៏គ្មានមនុស្សណាធ្វើត្រូវរហូតដែរ..,ហើយគ្មានបញ្ហាណាដែលយើងដោះស្រាយមិនបានទេខ្លាចតែយើងគេចវេសពីបញ្ហា ដួលបាន,ហត់បាន,ដាច់ខាតខ្ញុំមិនបោះបង់កម្លាំងចិត្តដល់ធំបំផុត គឺខ្លួនឯង និង មនុស្សមួយចំនួនដែលមើលងាយខ្ញុំ» ។
អ្នកម៉ាក់រូបនេះបន្តថា «អរគុណមេរៀនកន្លងមក អរគុណគ្រប់យ៉ាងដែលបានបង្រៀនខ្ញុំឱ្យស្គាល់គ្រប់រសជាតិ ខ្ញុំនឹងតស៊ូប្រយុទ្ធជាមួយភាពងងឹតរហូតទាល់តែមានពន្លឺ ហើយខ្ញុំក៏សង្ឃឹមថាខ្ញុំនឹងបានជួបនៅពន្លឺនៃភាពជោគជ័យនៃជីវិតរបស់ខ្ញុំនៅពេលឆាប់ៗនេះផងចុះ» ៕