ក្រៅពីសង្ហា និង ចេះច្រៀង កូនកំលោះទាំង ៣ នាក់ របស់ឧកញ៉ា ព្រាប សុវត្ថិ នៅមានសមត្ថភាពពិសេសៗនេះទៀត
មហាជនក្មេងចាស់ប្រុសស្រីជាច្រើនប្រាកដជាដឹងមកហើយពីភាពល្បីល្បាញរបស់លោក ព្រាប សុវត្ថិ ដែលជាកំពូលតារាចម្រៀងប្រុសមួយរូបនៅក្នុងប្រទេសកម្ពុជា ។ តារាប្រុសរូបនេះ មិនត្រឹមតែត្រូវបានមហាជនទទួលស្គាល់ពីកេរ្តិ៍ឈ្មោះលើវិថីសិល្បៈនោះទេ តែលោកក៏ទទួលបានជោគជ័យយ៉ាងច្រើនក្នុងវិស័យជំនួយផងដែរ ។
យ៉ាងណាមិញ បើក្រឡេកមកមើលកូនប្រុសទាំង ៣ របស់កំពូលតារាចម្រៀងខាងលើ ដែលកំពុងតែឈរលើវិស័យសិល្បៈដូចជាលោក ក៏ហាក់មានសន្ទុះយ៉ាងខ្លាំមិនចាញ់ឪពុកឡើយ ដោយដូចពាក្យចាស់ពោលថា «ឪខ្លាកូនខ្លា» នោះឯង ។
ជាក់ស្តែង កូនប្រុសទាំង ៣ របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានដូចជា សុវត្ថិ មុនីវណ្ណ សុវត្ថិ មុនីនាគ និង សុវត្ថិ សិរីវុឌ្ឍ មិនត្រឹមទទួលបានប្រជាប្រិយភាពលើការច្រៀងទេ តែអ្នកទាំង ៣ មានសមត្ថភាពរាំ និពន្ធទំនុកច្រៀង និង ភ្លេង ព្រមទាំងបានក្លាយជាតារាម៉ូឌែលថតស្បតឱ្យក្រុមហ៊ុនមួយចំនួនទៀតផង ។
១. សុវត្ថិ មុនីវណ្ណ
កូនប្រុសច្បង លោក ព្រាប សុវត្ថិ មានអាយុ ២៣ ឆ្នាំ ។ កូនប្រុសច្បងរូបនេះ គឺជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស ហើយលោកមានជំនាញផ្នែករាំ និង លេងឧបករណ៍តន្ត្រីសម័យទៀតផង ។ សុវត្ថិ មុនីវណ្ណ ក៏ធ្លាប់បានចូលរួមថតស្បតពាណិជ្ជមួយចំនួនផងដែរ ។
២. សុវត្ថិ មុនីនាគ
កូនប្រុសទី ២ លោក ព្រាប សុវត្ថិ មានអាយុ ២១ ឆ្នាំ ។ បច្ចុប្បន្ន លោកក៏ជាតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសដូចបងប្រុសដែរ ។ រីឯជំនាញសិល្បៈក្រៅពីការច្រៀង សុវត្ថិ មុនីនាគ ចេះរាំ និង និពន្ធទំនុកច្រៀង ព្រមទាំងអាចលេងឧបករណ៍តន្ត្រីសម័យបានទៀតផង។
៣. សុវត្ថិ សិរីវុឌ្ឍ
កូនពៅរបស់ លោក ព្រាប សុវត្ថិ មានអាយុ ១៩ ឆ្នាំ ។ កាលពីពេលថ្មីៗកន្លងទៅនេះ តារាប្រុសវ័យក្មេងរូបនេះ ក៏បានចាកចេញពីផលិតកម្មរស្មីហង្សមាស ក្លាយទៅជាតារាចម្រៀងឯករាជ្យ ។ សុវត្ថិ សិរីវុឌ្ឍ មិនត្រឹមតែមានសម្ថភាពក្នុងការច្រៀងម្យ៉ាងនោះ គឺលោកអាចរាំ និង លេងឧបករណ៍តន្ត្រីសម័យដូចបងៗ ។ លើសពីនោះ កូនពៅលោក ព្រាប សុវត្ថិ រូបនេះ ក៏ជាអ្នកនិពន្ធទំនុកច្រៀង និង ទំនុកភ្លេង ដោយកន្លងមកលោក ក៏ធ្លាប់និពន្ធចម្រៀងឱ្យឪពុកផងដែរ៕