ខ្លោចចិត្តពេលតារាជើងចាស់ ហួរ ឡាវី រំឭកដល់ប្រពន្ធ ដែលបានស្លា.ប់ទៅជិត ២ ខែហើយ
គិតមកដល់ពេលនេះ មានរយៈពេលជិត ២ ខែទៅហើយ ដែលភរិយាសំណព្វចិត្តតារាចម្រៀង ហួរ ឡាវី និង ត្រូវជាម្ដាយរបស់តារាចម្រៀង វី ឌីណែត បានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ដោយក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីមរណភាពប្រពន្ធ និង ម្ដាយតារាចម្រៀងខាងលើ នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ កន្លងទៅ ។
គេនៅចាំមិនភ្លេចថា ដំណឹងមរណភាពរបស់ភរិយាតារាចម្រៀងជើងចាស់ខាងលើ បានធ្វើឱ្យក្រុមគ្រួសាររបស់លោកទាំងមូល សោកសៅ កើតទុក្ខក្រៀមក្រំជាពន់ពេក ចំណែកកូនៗរបស់លោកវិញ ដូចជាតារាចម្រៀង វី ឌីណែត ជាដើម ទួញសោកសឹងតែទទួលយកការពិតមួយនេះមិនបាន ខណៈកាលនោះនាងកំពុងតែព្យាបាលជំងឺកូវីដ-១៩ នៅឡើយ ។
រយៈពេលជិត ២ ខែដែលប្រពន្ធបានលាចាកលោកនេះ តារាចម្រៀងជើងចាស់ លោក ហួរ ឡាវី តែងអង្គុយក្រៀមក្រំ នឹករឭកដល់ប្រពន្ធគ្មានសល់មួយថ្ងៃណាឡើយ ដោយលោកតែងតែរំលេចពីឈ្មោះប្រពន្ធមិនដែលខាន ពេលបង្ហោះរូបថត ឬសារនៅលើបណ្ដាញសង្គមម្ដងៗ ។
តួយ៉ាងថ្មីៗនេះ លោក ហួរ ឡាវី បានបង្ហោះរូបថតថ្មីមួយនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដែលលោកកំពុងឈរកូរស្វាយដើម្បីធ្វើជាដំណាប់ទុកឱ្យកូនចៅ ហើយក្នុងនោះតារាចម្រៀងសំឡេងស្អករូបនេះ ក៏មិនភ្លេចរំឭកដល់ប្រពន្ធដែរ ។
លោក ហួរ ឡាវី បានរៀបរាប់យ៉ាងខ្លី តែមានបង្គាប់ការនឹកនាដល់ប្រពន្ធជាពន់ពេកថា «ថ្ងៃនេះខ្ញុំបាទទំនេរបានធ្វើផែនស្វាយឱ្យចៅៗហូប ហើយក៏ជារបស់ដែលប្រពន្ធខ្ញុំចូលចិត្តហូបដែរ» ៕