ក្រោយជាសះស្បើយពីកូវីដមួយរយៈ បញ្ញា សិទ្ធ ស្រាប់តែប្រកាសសុំរឿងមួយលើហ្វេសប៊ុក
ដូចលោកអ្នកធ្លាប់បានដឹងមកហើយថា សារព័ត៌មាន គឺជាផ្នែកមួយនៃការចែករំលែកដំណឹងផ្សេងរបស់សិល្បករ-សិល្បការិនី ទៅកាន់មហាជនអ្នកគាំទ្រនូវរាល់សកម្មភាពរបស់តារាក្នុងដួងចិត្តរបស់ពួកគេ ប៉ុន្តែបើក្រឡេកទៅមើលតារាសម្តែង និង តារាចម្រៀង បញ្ញា សិទ្ធ ឯនេះវិញ ស្រាប់តែប្រកាសក្តែងៗសុំចិត្តសារព័ត៌មានកុំចុះផ្សាយរឿងមួយទៅវិញ ។
ក្នុងខ្លឹមសារដែល លោក បញ្ញា សិទ្ធ បានបង្ហោះក្នុងន័យសំណូមពរនោះដែរ គឺមានគោលបំណងចង់ឱ្យសារព័ត៌មានបញ្ឈប់ការចុះផ្សាយពាក់ព័ន្ធនឹងរឿងហែកហួរគ្នានូវបុគ្គលដែលមិនមានជាប្រយោជន៍ដល់សង្គមទាល់តែសោះ ។ លើសពីនោះ គឺពាក់ព័ន្ធរវាងតារាអាជីព និង បុគ្គលចូលចិត្តធ្វើរឿងប្លែកៗឆ្កួតៗ បែរជាត្រូវបានអញ្ជើញឡើងកម្មវិធីតាមទូរទស្សន៍ទៅវិញនោះទេ ។
លោក បញ្ញា សិទ្ធ រៀបរាប់លម្អិតថា «ថ្ងៃនេះ សូមអង្វរសារព័ត៌មានស្រុកខ្មែរទាំងអស់ កុំយកពួកជេរហែកហួរគ្នាមកផ្សាយឱ្យបងប្អូនប្រជាជនខ្មែរបានដឹង ព្រោះពួកទាំងនោះមិនមែនជាបុគ្គលដែលមានប្រយោជន៍អីដល់សង្គមជាតិ ។ ជេរគ្នា ហែកហួរគ្នា បង្កើតរឿងឈ្លោះគ្នា ធ្វើឱ្យផេកមានគេ Like ច្រើន ។ មានកម្មវិធីទូរទស្សន៍ខ្លះ ហៅឡើង សារព័ត៌មានផ្តល់បទសម្ភាសន៍ យូរៗស្រុកខ្មែរអត់មានអ្នកចុះផ្សាយ ។ ប៉ុស្តិ៍ខ្លះ និង កម្មវិធីខ្លះ ហៅគ្រប់កម្មវិធី រីឯតារាអាជីពទំរាំតែម្នាក់ៗល្បីមិនតិចឆ្នាំទេមិនមែនដូចសម័យនេះមនុស្សឆ្កួតក៏តារាដែរ ឥលូវពួកគាត់សឹងតែដេកផ្ទះគ្រប់គ្នា ! មួយទៀតបើម្ចាស់ប្រេនមួយចំនួនវិញ យកធ្វើ Brand Ambassador ថែមទៀត ឱ្យតែពូកែជេរ ពូកែធ្វើឡប់ៗ និង ប្រើពាក្យអាសុរសគឺថាល្បីចឹងហ្មង ខ្មែរអើយខ្មែរ ហេតុអីបានទៅជាចឹងអស់ទៅ ? គ្រាន់តែជាមាតិរបស់ខ្ញុំ បើមានខុស សូមអភ័យទោសផង ដោយក្តីស្រឡាញ់ពីខ្ញុំបាទ បញ្ញាសិទ្ធ» ។
គួរឱ្យដឹងថា ក្រោយពីតារាប្រុសខាងលើបានបង្ហោះសារនោះហើយ ក៏មានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន គាំទ្រមតិរបស់លោក និង មានការចែករំលែកជាច្រើនផងដែរ ៕