សង្ស័យណាស់! Pat Napapa បង្គាប់កូនឱ្យហៅតារាប្រុសរូបនេះថា ប៉ាប៉ា ពេញៗមាត់
កន្លងមក តារាសម្ដែងស្រីរាងតូចច្រឡឹង Pat Napapa បានធ្វើឱ្យមហាជនជាច្រើនមានការអាណិតអាសូរចំពោះវាសនារបស់នាងយ៉ាងខ្លាំង ដែលត្រូវស្ពាយឈ្មោះជាស្រ្តីមេម៉ាយទាំងវ័យក្មេង ត្រូវបំពេញតួនាទីជាឪពុកផង ជាម្ដាយផងក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនតូច ម្យ៉ាងត្រូវខិតខំធ្វើការរកលុយដើម្បីផ្គត់ផ្គង់ជីវភាពទៀត ពិតជាមិនងាយស្រួលនោះទេសម្រាប់ស្រ្តីដែលមានមាឌតូចរូបនេះ ។
តែយ៉ាងណា ពេលវេលាអាក្រក់ៗរបស់អ្នកមេម៉ាយរូបស្រស់ Pat Napapa ក៏បានរសាយទៅវិញបន្តិចម្ដងៗ ព្រោះថាពេលនេះនាងក៏បានត្រលប់មកធ្វើជានារីហាយសូរជាថ្មី ថែមទាំងមួយរយៈចុងក្រោយនេះ មហាជនបានជំរុញឱ្យនាងរកបុរសល្អម្នាក់មកស្អំបេះដូងជាថ្មី ដើម្បីបានមើលថែនាង និង កូនប្រុសទៀតផង ។
ស្រាប់តែថ្មីៗនេះ ស្រីស្រស់ Pat Napapa បានបញ្ចេញសកម្មភាពគួរឱ្យចាប់អារម្មណ៍មួយ ដោយនៅសុខៗ នាងស្រាប់តែបង្គាប់ឱ្យកូនប្រុសសំណព្វចិត្ត ហៅតារាចម្រៀងគឺលោក Pat Powerpat ថា ប៉ាប៉ា ពេញៗមាត់ ខណៈពួកគេទៅមើលការសម្ដែងរបស់លោកនៅមជ្ឈមណ្ឌលកម្សាន្តមួយកន្លែង ។ គ្រាន់តែ Pat បង្គាប់កូនប្រុសឱ្យជម្រាបសួរតារាចម្រៀង Pat Powerpat ថា ប៉ាប៉ា បែបនេះ ធ្វើឱ្យមិត្តភក្ដិជុំវិញនោះ នាំគ្នាស្រែកហ៊ោអបអរពួកគេព្រោងព្រាត ចំណែកឯមហាជនក៏នាំគ្នាញញឹមញញែមជូនពរពួកគេមិនស្ទើរដែរ បើសិនជាអ្នកគាំទ្រក្លាយជាគូស្នេហ៍ពិតមែន ៕