អាណិត សួស វីហ្សា ត្អូញជាង ២ ខែ មិនអាចនៅក្បែរគ្រួសារ ប្តី និង កូន ព្រោះរឿងម្យ៉ាងនេះ
មហាជនអ្នកគាំទ្រតារាចម្រៀង សួស វីហ្សា ប្រាកដជាធ្លាប់បានឃើញមកហើយពីសុភមង្គលដ៏ធំធេង ក្រុមគ្រួសារតូចរបស់តារាចម្រៀងរូបនេះ បន្ទាប់ពីអ្នកនាងបានទទួលចំណងដៃកូនស្រីដ៏ស្រស់ស្អាត ជាមួយនឹងស្វាមី គឺលោក ថមមី ដោយក្នុងនោះជារឿយៗគេតែងឃើញ សួស វីហ្សា និង ស្វាមី តែងបីត្រកងត្រសងកូនស្រី Jenny ស្ទើរគ្មាលស់ថ្ងៃនោះឡើយ ។
មួយរយៈក្រោយនេះ បន្ទាប់ពីមានមិត្តសិល្បកររកឃើញវិជ្ជមានកូវីដ-១៩ និង ខ្លួនឯងក៏បានរកឃើញឆ្លងដូចគ្នា រហូតដល់អ្នកនាងបានជាសះស្បើយហើយក្តី តែ សួស វីហ្សា ក៏នៅតែដកខ្លួននៅដាច់ឆ្ងាយពីគ្រួសារ ជាពិសេសកូនស្រីសំណព្វចិត្តរហូតសូម្បីតែប៉ះកូន ឱបថើបកូនដូចមុនក៏អ្នកនាងមិនអាចធ្វើបាន ដោយនេះជាអារម្មណ៍សោកសៅបំផុតសម្រាប់ទឹកចិត្តអ្នកម្តាយ ។
អារម្មណ៍សោកសៅ និង ឯកានេះ បានធ្វើឱ្យអ្នកនាង សួស វីហ្សា បង្ហោះសារទាំងយប់កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ រៀបរាប់ពីពេលវេលាជាង ២ ខែ ហើយដែលនាងត្រូវបាននៅឆ្ងាយពីគ្រួសារ និង កូនជាទីស្រឡាញ់ថា «គ្រាន់តែចាប់ផ្តើមសង្ស័យខ្លួនឯងកើតកូវីដ-១៩ ខ្ញុំបានឃុំខ្លួនឯងដាច់ដោយឡែក ១៤ ថ្ងៃ ។ ពេលដឹងលទ្ធផលថាខ្លួនឯងមានផ្ទុកជំងឺ កូវីដ-១៩ ខ្ញុំបានទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបន្ទប់ដាច់ដោយឡែក ១៧ ថ្ងៃ ។ ពេលព្យាបាលជំងឺកូវីដ-១៩ ជាសះស្បើយពេទ្យអនុញ្ញាតឱ្យមកផ្ទះហើយ តែខ្ញុំត្រូវឃុំខ្លួនឯងនៅបន្ទប់ម្នាក់ឯងដាច់ដោយឡែក ១៤ ថ្ងៃទៀត ។ ក្រោយឃុំខ្លួន ១៤ ថ្ងៃហើយ ត្រូវទៅពេទ្យដើម្បីយកសំណាកម្តងទៀតជាលើកចុងក្រោយ ហើយទម្រាំចេញលទ្ធផល គឺរង់ចាំ ៣ ថ្ងៃបន្ថែមទៀត អ៊ីចឹងបងប្អូនសាកបូកចំនួនថ្ងៃលេងៗទៅ ថាត់ខ្ញុំបែកពីគ្រួសារ បែកពីកូនខ្ញុំប៉ុន្មានថ្ងៃហើយដោយសារកូវីដ- ១៩ ?» ៕