កូនស្រី កែវ កល្យាណ ចេញសម្តែងរឿងស្រឡាញ់ភេទដូចគ្នា មានអ្នកគាំទ្រយ៉ាងពេញទំហឹង
បន្ទាប់ពីមានការជួយជ្រោមជ្រែង និង ជំរុញទឹកចិត្តកាន់តែខ្លាំងពីម្តាយ កូនស្រីរបស់អតីតតារាសម្តែងជើងចាស់ កែវ កល្យាណ គឺ កញ្ញា កែវ ឡាវីញ កាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងនៅលើវិថីសិល្បៈ ទាំងការងារជាពិធីករ និង ការសម្តែងផងដែរ ។
លើសពីនោះ ដោយទេពកោសល្យសិល្បៈខ្ពស់របស់តារាស្រីវ័យក្មេង កែវ ឡាវីញ ដែលជាកូនស្រីបង្កើតរបស់តារាសម្តែងជើងចាស់ខាងលើនេះ ក៏កំពុងតែចាប់ផ្តើមបោះជំហានយ៉ាងជោគជ័យ និង ពេញទីតែម្តងលើវិស័យភាពយន្ត ពោលគឺ កែ ឡាវីញ បានលេចមុខនៅក្នុងខ្សែភាពយន្តជាច្រើននាពេលបច្ចុប្បន្ន ។
ថ្មីៗនេះ មហាជនអ្នកគាំទ្រតារាស្រី កែវ ឡាវីញ ហាក់កំពុងតែសរសើរពីការសម្តែងរឿងថ្មីរបស់នាង ដែលមានចំណងជើងថា «សង្សារខ្ញុំ» ដោយនាងបានដើរតួជាតួអង្គឯក ។ បន្ថែមពីនោះ អ្វីដែលកាន់តែធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍នោះ គឺរឿងនេះ កែវ ឡាវីញ បានសម្តែងជាតួអង្គស្រីស្រឡាញ់ស្រីដូចគ្នា ជាមួយនឹងតារាសម្តែង យ៉ា សុផានម៉ៃ ដែលជាហេតុធ្វើឱ្យមានការកោតសរសើរយ៉ាងខ្លាំងថា កូនស្រីរបស់តារាជើងចាស់ កែវ កល្យាណ រូបនេះគឺពិតជាមានសមត្ថភាពមិនចាញ់អ្នកម្តាយនោះឡើយ ៕