ឆ្នាំថ្មី Ting Tong បង្ហាញបទចម្រៀងថ្មី ស្តាប់ហើយត្រូវសាច់រឿងពិតមនុស្សជាច្រើន (ចម្រៀង)
រយៈពេលជាច្រើនឆ្នាំមកហើយ ដែលតារាចម្រៀង Original Song លោក ឈិត សុវណ្ណនិមិត្ត ហៅ Ting Tong បានស្ថិតក្នុងនាមជាសិល្បករឯករាជ្យទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវវ័យ ដោយលោកបានសាងស្នាដៃដោយមានទាំងការច្រៀង ការនិពន្ធទំនុកច្រៀង និង ការសម្តែងផងទៀតនោះ ។
ក្រោយពីសាងកេរ្តិ៍ឈ្មោះល្បីល្បាញលើវិថីសិល្បៈក្រាស់ក្រែលហើយនោះ តារាចម្រៀងពហុជំនាញវ័យក្មេង Ting Tong បានបង្ហាញបទចម្រៀងថ្មី ដែលជាការសហការជាមួយនឹងផលិតកម្ម GMB Entertainment Official នូវបទចម្រៀងមានចំណងជើងថា «បើសិនបេះដូងចេះនិយាយ» ។
ក្នុងការចូលរួមសហការ ផលិតបទចម្រៀងដំបូងនេះដែរ លោក Ting Tong ក៏មានពាក្យផ្តាំផ្ញើដល់អ្នកគាំទ្រ និង មហាជនថា «សង្ឃឹមថាបងប្អូនទាំងអស់គ្នាចូលចិត្តនូវបទថ្មីរបស់លោក និង ផលិតកម្មថ្មីនេះផងដែរ ។ លើសពីនោះ ពួកលោកនឹងបន្តផលិតនូវតន្ត្រីល្អៗ ពីរោះស្តាប់ សម្រាប់បំពេអារម្មណ៍បងប្អូនទុកជាការស្តាប់កម្សាន្តឱ្យបានច្រើននាពេលខាងមុខនេះ» ។
គួរបន្ថែមទៀតថា បើតាមឱ្យដឹងពី លោក Ting Tong បានប្រាប់មកកាន់ ប្រជាប្រិយ ថា «បទចម្រៀង «បេះដូងចេះនិយាយ» នេះ គឺមានការសហការជាមួយនឹងលោក Rith Acoustic ហើយបទនេះមានអត្ថន័យខ្លាំងស្តែងចេញពីតទិភាពសង្គមបច្ចុប្បន្ន ពាក់ព័ន្ធនឹងរាល់សម្តីរបស់បុគ្គលម្នាក់ៗ ដែលតែងតែត្រូវបានចោទជាសំនួរផ្សេងៗ ការរិះគន់ ការបន្ទោសបង្អាប់ផ្សេងៗ ដែលយើងមិនអាចឆ្លើយបាន ។ ដូច្នេះបទចម្រៀងនេះ នៅពេលដែលលោកអ្នកបានស្តាប់ គឺកាន់តែយល់ពីខ្លួនឯង និង អត្ថន័យកាន់តែខ្លាំង» ៕