ណុប បាយ៉ារិទ្ធ រន្ធត់ចិត្ត បន់ព្រះឱ្យជួយម្តាយ វី ឌីណែត ពេលនេះអាការធ្ងន់ធ្ងរខ្លាំង
កាលពីពេលកន្លងទៅនេះ បន្ទាប់ពីតារាចម្រៀង វី ឌីណែត បានរកឃើញវិជ្ជមានកូវីដ-១៩ ហើយនោះ គេក៏បានរកឃើញម្ដាយតារាសម្ដែងរូបនេះ ក៏មានការឆ្លងដូចគ្នាដែរ ហើយជុំវិញរឿងរ៉ាវនេះបានធ្វើឲ្យមហាជនអ្នកគាំទ្រមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះរូបនាង និង ម្តាយ ។
យ៉ាងណាមិញ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំង ក្រោយសម្រាកព្យាបាលមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ វី ឌីណែត បានឱ្យដឹងថា ម្តាយរបស់នាងមានអាការធ្ងន់ធ្ងរ ដោយគ្រូពេទ្យបានប្ដូរគាត់ទៅសង្រ្គោះបន្ទាន់ ។ ដំណឹងនេះបានធ្វើឱ្យ វី ឌីណែត រន្ធត់ចិត្ត និង តក់ស្លុតយ៉ាងខ្លាំង ក្នុងនោះនាងសូមទេវតា តាមថែរក្សាម្តាយ ។
ដោយឡែកនាព្រឹកថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ នេះដោយសារតែអាការម្ដាយរបស់តារាស្រី វី ឌីណែត កាន់តែធ្ងន់ធ្ងរខ្លាំងពេក គេក៏ឃើញវត្តមានតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានចេញមកបង្ហោះសារបួងសួងដល់ទសបារមី ទេវតា ឱ្យជួយតាមថែរក្សាការពារម្ដាយរបស់តារាស្រី វី ឌីណែត ផង ដោយលោកបានសរសេរថា «សូមបារមីព្រះមាតាមហានគរ ឬ ព្រះម៉ែនាគ បិតានាគ ព្រមទាំងវត្ថុស័ក្តិសិទ្ធិដែលឃុំគ្រងរក្សាប្រទេសកម្ពុជាទាំងមូល កូនណាក៏ត្រូវការម្តាយដែរ ហេតុនេះសូមលោកជួយបីបាច់ និង ប្រទានជីវិតបន្តដល់អ្នកម្តាយរបស់ប្អូនស្រី Vy DyNeth HM ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យរុស្ស៊ី ឱ្យគាត់មានកម្លាំងមាំមួនមកវិញ និង ឆាប់ជាសះស្បើយ ទាំងជំងឺប្រចាំកាយ និង ជំងឺកូវីដ-១៩ សូមបងប្អូនចូលរួមបួងសួងដល់គាត់ផង ខ្ញុំសូមបួងសួងដល់អ្នកម្តាយប្អូនស្រី វី ឌីណែត ឱ្យឆ្លងផុតទុក្ខលំបាក និង គ្រោះភ័យទាំងពួង» ៕