ធ្លាយមូលហេតុ ដួង វីរៈសិទ្ធ នៅបន្តថតរឿងឱ្យហង្សមាស ខណៈទៅច្រៀងនៅទ្រនំថ្មី
បើទោះបីបានចាកចេញទៅផលិតកម្មថ្មីសសន្លាង រាម ក៏ពិតមែន តែតារាចម្រៀងវ័យក្មេងរូបសង្ហាលោក ដួង វីរៈសិទ្ធ នៅបន្តថតរឿងភាគរបស់ទូរទស្សន៍ហង្សមាសដដែល ដែលធ្វើឱ្យមានការងឿងឆ្ងល់ពីសំណាក់អ្នកគាំទ្រ ។
ដួង វីរៈសិទ្ធ បានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ក្រោយពីស្ងាត់ៗលោកបានបង្ហាញវត្តមាននៅផលិតកម្មរាម ប៉ុន្តែអ្វីដែលជាចម្ងល់នោះពេលនេះលោកនៅបន្តថតរឿងភាគបុរាណមួយរបស់ទូរទស្សន៍ហង្សមាសក្នុងតំណែងជាតួឯកនៅឡើយ បើទៅះពេលនេះលោកមានឈ្មោះជាតារាចម្រៀងនៅក្នុងផលិតកម្មរាមក្តី ។
បើតាមប្រភពអ្នកធ្វើការនៅទូរទស្សន៍ហង្សមាសបានឱ្យដឹងថា តាមពិត ដួង វីរៈសិទ្ធ បានចប់កិច្ចសន្យាជាមួយផលិតកម្មហង្សមាសប្រមាណជាបីខែហើយ ការដែលលោកចេញទៅកន្លែងថ្មីនេះក៏មិនមានបញ្ហាអាក់អន់ស្រពន់ចិត្តអ្វីដែរ ។ លោកនៅតែមានទំនាក់ទំនងល្អជាមួយហង្សមាសដដែល ។ ជាក់ស្តែងសព្វថ្ងៃលោកនៅតែបន្តសម្តែងរឿងឱ្យផលិតកម្មហង្សមាស ។ អាចនិយាយថាលោកចប់កិច្ចសន្យាច្រៀង តែមានកិច្ចសន្យាថតរឿងភាគទូរទស្សន៍ ។
បើទោះវ័យក្មេងក៏ពិតមែន តែ ដួង វីរៈសិទ្ធ អាចច្រៀងបទពីដើមបានយ៉ាងពីរោះ ហើយក៏មានហ្វេនៗជាច្រើនចង់ឃើញបទចម្រៀងថ្មីៗរបស់លោកដែលនឹងចេញនៅក្នុងពេលឆាប់ៗនេះនៅក្នុងផលិតកម្មថ្មីផងដែរ ។ បើតាមដឹង ពេលនេះ ដួង វីរៈសិទ្ធ ចុះកិច្ចសន្យាជាមួយផលិតកម្មរាមរយៈពេលតែមួយឆ្នាំទេ ហើយពេលនេះលោកក៏បានថតបទចម្រៀងបានពីរបទហើយ ត្រៀមនឹងចេញនៅក្នុងពេលឆាប់ៗនេះ ៕